នគរបាលនៅវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនសកម្មជនជ្វីហ្វដែលតវ៉ាប្រឆាំងនឹងការគាំទ្រយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល នៅខាងក្នុងអាគារសភាកាលពីថ្ងៃអង្គារ (២៣ កក្កដា) មួយថ្ងៃមុនពេលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានកំណត់ពេលថ្លែងសុន្ទរកថាទៅកាន់សភា។

ក្រុមបាតុករដែលរៀបចំដោយសកម្មជន សំឡេងជី្វហ្វសម្រាប់សន្តិភាព (Jewish Voice for Peace) បានពាក់អាវយឺតពណ៌ក្រហមដែលមានសរសេរឈ្មោះអង្គការ និងឃ្លាថា «បញ្ឃប់ការផ្ដល់អាវុធឱ្យអ៊ីស្រាអែល»។ អ្នកខ្លះកាន់បដាដែលសរសេរថា «មានបទឈប់បាញ់ភ្លាម» និង «អនុញ្ញាតឱ្យហ្កាហ្សារស់រានផង»។

បាតុកម្មត្រូវបានគ្រោងធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់លោក Netanyahu ដែលលោកនឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump)។ គេនិយាយថាបាតុករជាង ២៥០នាក់ត្រូវបានចាប់ខ្លួនហើយថាមានបាតុករ ៤០០នាក់បានចូលរួមការតវ៉ានោះ។

នគរបាលមិនបានផ្តល់តួលេខចាប់ខ្លួនភ្លាមៗទេ ខណៈនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបានប្រាប់អ្នកដែលចូលវិមានសភាដោយស្របច្បាប់ទាំងនោះឱ្យបញ្ឈប់ ប៉ុន្តែពួកគេមិនព្រមធ្វើតាម ដូច្នេះហើយទើបយើងចាប់ខ្លួនពួកគេ»៕