សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា នាយកសេវាសម្ងាត់អាមេរិក លោកស្រី ឃីមប៊ឺលី ឈាថល (Kimberly Cheatle) បានលាលែងពីតំណែង បន្ទាប់ពីទីភ្នាក់ងារនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការប៉ុនប៉ងធ្វើឃាត ដែលបង្ករបួសដល់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) អំឡុងពេលជួបជុំយុទ្ធនាការបោះឆ្នោតមួយ។

សេវាសម្ងាត់ ដែលទទួលខុសត្រូវចំពោះការការពារប្រធានាធិបតីអាមេរិកទាំងបច្ចុប្បន្ន និងអតីតមួយនេះ ប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់អាចបាញ់ប្រហារទៅលើលោក Trump ពីលើដំបូលឃ្លាំងដែលមើលឃើញយ៉ាងច្បាស់ទៅកាន់កម្មវិធីជួបជុំយុទ្ធនាការនោះនៅខាងក្រៅនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃទី១៣ ខែកក្កដា។

រដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោក អាលេហានដ្រូ ម៉ាយ៉ូកាស (Alejandro Mayorkas) បាននិយាយថា នាយករងសេវាសម្ងាត់លោក រ៉ូណាល់ រ៉ូវេ (Ronald Rowe) នឹងធ្វើជានាយកស្តីទី។ សេវាសម្ងាត់ប្រឈមមុខនឹងការស៊ើបអង្កេតពីគណៈកម្មាធិការសភាជាច្រើន និងអង្គភាពឃ្លាំមើលផ្ទៃក្នុងនៃក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក ជុំវិញប្រតិបត្តិការរបស់ខ្លួន។

លោកស្រី Cheatle បានប្រឈមមុខនឹងការថ្កោលទោសទ្វេរបក្សនៅពេលបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្រ្តកាលពីថ្ងៃចន្ទ ដោយលោកស្រីបដិសេធមិនឆ្លើយសំណួរពីសមាជិកសភាជុំវិញផែនការសន្តិសុខសម្រាប់ព្រឹត្តិការណ៍ជួបជុំនោះ និងមធ្យោបាយដែលសមត្ថកិច្ចឆ្លើយតបចំពោះអាកប្បកិរិយាគួរឱ្យសង្ស័យរបស់ខ្មាន់កាំភ្លើង៕