យោងតាមទិន្នន័យបឋមពីស្ថាប័នបម្រែបម្រួលអាកាសធាតុ ខនភើនីខឺស (Copernicus) របស់សហភាពអឺរ៉ុបដែលបានតាមដានគំរូអាកាសធាតុសកលបែបនេះចាប់តាំងពីឆ្នាំ១៩៤០មកបានឱ្យដឹងថា ថ្ងៃអាទិត្យ ទី២១ ខែកក្កដា គឺជាថ្ងៃដែលមានអាកាសធាតុក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា។

សីតុណ្ហភាពខ្យល់ជាមធ្យមលើផ្ទៃផែនដីកាលពីថ្ងៃអាទិត្យ បានឡើងដល់ ១៧,០៩អង្សាសេ ដែលជាកម្រិតខ្ពស់ជាងកំណត់ត្រាកាលពីខែកក្កដា ឆ្នាំមុនមុនបន្តិចដែលមានសីតុណ្ហភាព ១៧,០៨អង្សាសេ ដោយសាររលកកម្ដៅបានវាយលុកពាសពេញតំបន់ដ៏ធំនៃសហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ី។

កាលពីឆ្នាំមុន ពិភពលោកបានឃើញរយៈពេលបួនថ្ងៃជាប់ៗគ្នាដែលបំបែកកំណត់ត្រាកម្ដៅ ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី០៦ ខែកក្កដា ដោយសារបម្រែបម្រួលអាកាសធាតុបានជំរុញឱ្យមានកម្ដៅខ្លាំងពាសពេញអឌ្ឍគោលខាងជើង។ ជារៀងរាល់ខែចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មក ឥឡូវនេះបានជាប់ចំណាត់ថ្នាក់ជារយៈពេលក្តៅបំផុតនៅក្នុងពិភពលោកចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនៗ។

ខណៈពេលដែលកំណត់ត្រាកាលពីថ្ងៃអាទិត្យគឺខ្ពស់ជាងបន្តិចប៉ុណ្ណោះបើធៀបនឹងអំណានកាលពីឆ្នាំមុន លោក ខាឡូ ប៊ុនតេមប៉ូ (Carlo Buontempo) នាយកទីភ្នាក់ងារអាកាសធាតុ ខនភើនីខឺស បាននិយាយថា «អ្វីដែលគួរអោយកត់សម្គាល់នោះគឺភាពខុសគ្នានៃសីតុណ្ហភាពក្នុងពេល ១៣ខែចុងក្រោយនេះទាក់ទងទៅនឹងកំណត់ត្រាមុនៗ»៕