ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា រដ្ឋាភិបាលអស់អាណត្តិរបស់លោកនឹងនៅតែផ្តោតលើការប្រកួតកីឡាអូឡាំពិកក្នុងតួនាទីជារដ្ឋាភិបាលចាំផ្ទះរហូតដល់ពាក់កណ្តាលខែសីហា បន្ទាប់ពីនោះលោកនឹងស្វះស្វែងរកការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។

ការអត្ថាធិប្បាយរបស់លោក Macron ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះ រណសិរ្សប្រជាប្រិយថ្មី (New Popular Front) ឆ្វេងនិយមរបស់ប្រទេសបារាំងដែលបានឈ្នះចំនួនអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសភានៅខែនេះ បាននិយាយថា ខ្លួននឹងស្នើអ្នកជំនាញខាងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ លោកស្រី លូស៊ី កាស្តេ (Lucie Castets) ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ប្រធានាធិបតីបារាំងរូបនេះ។

លោក Macron នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួនចាប់តាំងពីការបោះឆ្នោតនៅដើមខែកក្កដា បានទទួលស្គាល់ថាគណបក្សកណ្តាលនិយមរបស់លោកបានចាញ់ការបោះឆ្នោត ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់បក្សរណសិរ្សឆ្វេងនិយមជុំវិញនាយករដ្ឋមន្ត្រីថ្មីនោះទេ។ លោកក៏បានច្រានចោលការលាលែងពីតំណែងមុនអាណត្តិរបស់ខ្លួនផងដែរ៕
