បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Antoine Griezmann បានចាកចេញពី Barcelona វិលត្រលប់ទៅចូលរួមជាមួយក្លិបចាស់របស់ខ្លួន Atletico Madrid វិញជាមួយនឹងកិច្ចសន្យាខ្ចីជើងរយៈពេល ២រដូវកាល។ Atletico Madrid នឹងរ៉ាប់រងរាល់ការចំណាយលើប្រាក់ឈ្នួលរបស់កីឡាករវ័យ ៣០ឆ្នាំរូបនេះរួមជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ផងដែរ។

កីឡាករជំរើសជាតិបារាំងរូបនេះធ្លាប់បានស៊ុតបញ្ចូលទី ១៣៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៥៧ប្រកួតនៅ Atletico Madrid មុនពេលចាកចេញទៅ Barcelona កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ១០៧លានផោន។ តែនៅ Barcelona, Griezmann រកបានត្រឹម ៣៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ១០២ប្រកួត។ Griezmann គឺជាកីឡាករទី ១១ របស់ Barcelona ដែលបានចាកចេញ ដើម្បីបន្ធូរបន្ថយវិបត្តិហិរញ្ញវត្ថុរបស់ក្លិបក្នុងរដូវក្តៅនេះ។ Griezmann ក៏ជាកីឡាករទី៣ ដែរដែលចាកចេញក្នុងថ្ងៃដោះដូរកីឡាករចុងក្រោយ បន្ទាប់ពីខ្សែការពារស្តាំ Emerson Royal ផ្លាស់ទៅកាន់ Tottenham Hotspur តម្លៃ ២៥.៨លានផោន និងខ្សែបម្រើវ័យក្មេង Ilaix Moriba ចាកចេញទៅ RB Leipzig តម្លៃ ១៣.៧លានផោន។
ជាមួយនឹងការមកដល់របស់ Griezmann, Atletico Madrid ក៏បានបញ្ចេញខ្សែបម្រើ Saul Niguez ទៅកាន់តោខៀវ Chelsea ក្នុងកិច្ចសន្យាខ្ចី។ កីឡាករវ័យ ២៦ឆ្នាំរូបនេះគឺជាកីឡាករនាំលេងម្នាក់របស់ Atletico Madrid ដែលឈ្នះជើងឯក La Liga រដូវកាលមុនដោយបានបង្ហាញខ្លួនសរុបនៅ La Liga ៣៣លើក។ ការមកដល់របស់ Saul Niguez បន្ទាប់ពី Chelsea បរាជ័យក្នុងការនាំយកខ្សែការពារ Jules Kounde ពី Sevilla បន្ទាប់ពី Sevilla ទាមទារសំណើមិនក្រោម ៨០លានអឺរ៉ូឡើយសំរាប់កីឡាករវ័យ ២២ឆ្នាំរូបនេះ៕
អត្ថបទ៖នាង សុភាវុធ