អ៊ីស្រាអែល បានរិះគន់កិច្ចព្រមព្រៀងមួយសម្របសម្រួលដោយចិនកាលពីថ្ងៃអង្គារ ២៣ កក្កដា ដែលក្រុងប៉េកាំងបាននិយាយថានឹងនាំក្រុមហាម៉ាសចូលទៅជា"រដ្ឋាភិបាលផ្សះផ្សាជាតិ" សម្រាប់តំបន់ហ្កាហ្សាក្រោយសង្រ្គាម។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល កាត់ស៍ (Katz) បានទទូចថា "របបគ្រប់គ្រងរបស់ក្រុមហាម៉ាសនឹងត្រូវបានកម្ទេចចោល" ហើយបានចោទប្រកាន់ប្រធានអាជា្ញធរប៉ាឡេស្ទីន លោក ម៉ាខ្មូតអាបាស ( Mahmoud Abbas) ដែលក្រុម ហ្វាតា (Fatah) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការឱបក្រសោបក្រុម ដែលបានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុនបង្កឱ្យមានសង្រ្គាមរហូតមកដល់បច្ចុប្បន្ន។

រាល់ការជាប់ពាក់ព័ន្ធដោយក្រុមសកម្មប្រយុទ្ធនៅក្នុងអភិបាលកិច្ចក្រោយសង្រ្គាមនៃតំបន់ហ្កាហ្សា គឺជារឿងអាស្រូវចំពោះសហរដ្ឋអាមេរិក ក៏ដូចជាអ៊ីស្រាអែលផងដែរ។
នាយករដ្ឋមន្ត្រអ៊ីស្រាអែល លោក Benjamin Netanyahu ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមគ្នានៃសភា ហើយបានប្តេជ្ញាបន្តសង្រ្គាមនៅក្នុងដែនដីហ្កាហ្សា រហូតដល់ក្រុមហាម៉ាសត្រូវបានកម្ទេច។

ជម្លោះការទូតបានកើតឡើងនៅពេលអ៊ីស្រាអែលវាយលុកតំបន់ហ្កាហ្សា រួមទាំងទីក្រុង Khan Younis ភាគខាងត្បូង ជាទីដែលខ្លួនបានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលដោយផ្នែក៕