ជនអន្តោប្រវេសន៍រាប់រយនាក់ បានចាកចេញពីទីក្រុង Tapachula ភាគនិរតីប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា ខណៈពួកគេបានធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។

សមាជិកភាគច្រើននៅក្នុងក្បួនដំណើររបស់ជនអន្តោប្រវេសន៍ បានបង្ហាញការព្រួយបារម្ភ ទាក់ទងទៅនឹងសុវត្ថិភាពនៅក្នុងប្រទេសម៉ិកស៊ិក ដោយស្នើសុំការការពារពីអាជ្ញាធរម៉ិកស៊ិកប្រឆាំងក្រុមជួញដូរ និងក្រុមអ្នកចាប់ជំរិត។

ក្នុងក្បួនដំណើររបស់ជនអន្តោប្រវេសន៍ ភាគច្រើនជាប្រជាជនមកពីប្រទេសអាមេរិកកណ្តាល និងវេណេស៊ុយអេឡា បានចាប់ផ្តើមដំណើររបស់ពួកគេកាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបោះបង់ការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី។
សហរដ្ឋអាមេរិក នៅតែជាគោលដៅសំខាន់សម្រាប់ជនអន្តោប្រវេសន៍ មកពីអាមេរិកឡាទីនជាច្រើននាក់ ដែលស្វែងរកសុវត្ថិភាព និងឱកាសការងារ និងអាជីវកម្ម កាន់តែប្រសើរនៅបរទេស។
បញ្ហានៃការធ្វើអន្តោប្រវេសន៍ មានសន្ទុះខ្លាំងនៅមុនការបោះឆ្នោត ខណៈអតីតប្រធានាធិបតី លោក Donald Trump បានសន្យាថា នឹងរឹតត្បិតនៅព្រំដែនកាន់តែខ្លាំង និងមានការនិរទេសទ្រង់ទ្រាយធំ។