ជំហរដ៏ច្បាស់លាស់របស់ លោកស្រី Kamala Harris លើសង្រ្គាមនៅតំបន់ហ្កាហ្សា បានបង្ហើបពីការផ្លាស់ប្តូរដែលអាចកើតមាន ពីគោលនយោបាយចំពោះអ៊ីស្រាអែលរបស់លោក Joe Biden ខណៈលោកស្រី សម្លឹងមើលការតែងតាំងតំណែងប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ ដែលលោក Benjamin Netanyahu ទំនងជានឹងស្វែងយល់ នៅសប្តាហ៍នេះ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអវត្តមានពីការថ្លែងសុន្ទរកថារបស់មេដឹកនាំអ៊ីស្រាអែល ទៅកាន់សភាអាមេរិក នៅថ្ងៃពុធ ទី២៤ ខែកក្កដានេះ ជាអ្វីដែលអ្នកវិភាគ បាននិយាយថា ជាសញ្ញាច្បាស់លាស់ ជុំវិញការព្រួយបារម្ភរបស់លោកស្រី ចំពោះជនស៊ីវិលនៅតំបន់ហ្កាហ្សា។
អនុប្រធានាធិបតីវ័យ៥៩ ឆ្នាំរូបនេះ មិនដែលជំទាស់ទៅនឹងលោក Biden លើបញ្ហាអ៊ីស្រាអែលនោះទេ។

ទោះយ៉ាងណា ជាថ្មីម្តងទៀត លោកស្រី ជាមន្ត្រីរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលអំពាវខ្លាំងបំផុត ឱ្យមានបទឈប់បាញ់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោក Colin Clarke នាយកស្រាវជ្រាវនៅ ក្រុម Soufan បាននិយាយថា ដោយមានការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Biden ពីការប្រកួតប្រជែងនៅសេតវិមាន លោកស្រី Harris មានឱកាសបង្កើត «ការចាប់ផ្តើមថ្មី» លើបញ្ហាមួយ ដែលមានហានិភ័យនៃការធ្វើឱ្យប៉ះពាល់ដល់អ្នកបោះឆ្នោតគណបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោត ខែវិច្ឆិកា ខាងមុខនេះ។
លោកបាននិយាយទៅកាន់សារព័ត៌មាន AFP ថា «បញ្ហាអ៊ីស្រាអែល-ហ្កាហ្សា គឺជាបញ្ហាមួយ ដែលខិតជិតទៅរកការសម្រេចបាន រវាងលោក Biden និងលោកស្រី Harris ហើយលោកគិតថា នឹងមានមនុស្សជាច្រើន នៅក្នុងក្រុមរបស់លោកស្រី ដែលនឹងជំរុញឱ្យលោកស្រី ធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងច្បាស់លាស់។