កោះតៃវ៉ាន់ នៅថ្ងៃពុធ (២៤ កក្កដា) នេះបានត្រៀមខ្លួនទប់ទល់មុនការមកដល់នៃព្យុះទីហ្វុង ហ្កែមី (Gaemi) ដោយទីផ្សារហិរញ្ញវត្ថុត្រូវបានបិទ ការងារត្រូវបានផ្អាក ជើងហោះហើរត្រូវបានលុបចោល ហើយយោធារាប់ម៉ឺននាក់ត្រូវបានដាក់ឱ្យឈរជើងត្រៀមប្រតិបត្តិការ ខណៈការព្យាករថាមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់។

រដ្ឋាភិបាលនិយាយថា មនុស្សជាង ២.០០០នាក់ត្រូវជម្លៀសចេញពីតំបន់ភ្នំដែលមានអ្នករស់នៅតិចតួច ដោយសារហានិភ័យខ្ពស់នៃបំណាក់ដី។ អាជ្ញាធរការពារជាតិតៃវ៉ាន់ និយាយថា ខ្លួនបានត្រៀមជាស្រេចដើម្បីជួយដល់ការសង្គ្រោះគ្រោះមហន្តរាយ ហើយបានដាក់ទាហានចំនួន ២៩.០០០នាក់ឱ្យរង់ចាំទទួលបញ្ជា។

ព្យុះ Gaemi ជាព្យុះទីហ្វុងដំបូងនៃរដូវកាលដែលប៉ះពាល់ដល់កោះតៃវ៉ាន់ ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីលើឆ្នេរភាគឦសាននៅល្ងាចថ្ងៃពុធ នេះបើយោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់តៃវ៉ាន់។

កន្លែងការងារ និងសាលារៀនត្រូវបានផ្អាកនៅទូទាំងកោះតៃវ៉ាន់ ដោយផ្លូវនានានៃរដ្ឋធានីតៃប៉ិ ស្ទើរតែគ្មានមនុស្សឆ្លងកាត់ទាល់តែសោះអំឡុងម៉ោងដ៏មមាញឹក ស្រពេលមានភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរដឹកជញ្ជូនបាននិយាយថា ជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់ត្រូវបានលុបចោល រួមជាមួយនឹងជើងហោះហើរអន្តរជាតិចំនួន ២០១ជើងក៏ត្រូវលុបចោលដែរ ខណៈរថភ្លើងទាំងអស់នឹងឈប់ដំណើរកាលត្រឹមពាក់កណ្ដាលថ្ងៃពុធនេះ (ម៉ោងក្នុងស្រុក)៕