ក្រុមមន្ត្រីសន្តិសុខបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ថា បាឡុងផ្ទុកសំរាមដែលបញ្ជូនដោយកូរ៉េខាងជើងបានធ្លាក់ក្នុងបរិវេណវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃពុធ សប្ដាហ៍នេះ ដោយជំរុញឱ្យទីក្រុងសេអ៊ូលប្រមូលផ្តុំក្រុមឆ្លើយតបនឹងសារធាតុគីមីនៅក្នុងសង្គ្រាមឃោសនាសងសឹកគ្នាទៅវិញទៅមកដែលកំពុងកើនឡើង។

នេះជាលើកដំបូងហើយដែលការិយាល័យមេដឹកនាំកូរ៉េខាងត្បូងនៅកណ្តាលទីក្រុងសេអ៊ូល ដែលត្រូវបានការពារសន្តិសុខដោយទាហានយ៉ាងច្រើន និងតំបន់គ្មានការហោះហើរ ត្រូវបានវាយប្រហារដោយផ្ទាល់ដោយបាឡុងផ្ទុកសំរាមរាប់ពាន់គ្រឿង ដែលទីក្រុងព្យុងយ៉ាងបានបង្ហោះតាំងពីខែឧសភាមក។

សេវាសន្តិសុខប្រធានាធិបតីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ក្រុមឆ្លើយតបសារធាតុគីមី ជីវសាស្រ្ត និងវិទ្យុសកម្ម (សង្គ្រាម) បានប្រមូលសំរាមដោយសុវត្ថិភាព" ។
សេវាខាងលើបាននិយាយថា បន្ទាប់ពីការស៊ើបអង្កេតលទ្ធផលបានបញ្ជាក់ថាមិនមានគ្រោះថ្នាក់ឬការចម្លងរោគពីវត្ថុនោះទេ។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា កូរ៉េខាងជើងបានបញ្ជូនបាឡុងដែលផ្ទុកសំរាមជាថ្មី ខណៈក្រុមអាជ្ញាធរក្រុងសេអ៊ូល ក៏បានចេញការប្រកាសអាសន្ននៅព្រឹកថ្ងៃពុធនេះផងដែរ៕