លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានផ្តល់សញ្ញាថា កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ នៅក្នុងតំបន់ហ្កាហ្សា អាចនឹងចាប់ផ្តើមជារូបរាង។ លោក Netanyahu កំពុងស្ថិតក្នុងទីក្រុង Washington ជាទីដែលលោកនឹងថ្លែងទៅកាន់សភា។

យោធាអ៊ីស្រាអែល បានបញ្ជាឱ្យជម្លៀសផ្នែកមួយនៃតំបន់មានមនុស្សច្រើនក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដែលខ្លួនបានកំណត់ជាតំបន់មនុស្សធម៌។ ក្រសួងសុខាភិបាលនៅហ្កាហ្សានិយាយថាប្រជាជនប៉ាឡេស្ទីនជាង៣៩.០០០នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមមានអាយុកាលពី៩ខែ។

អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក កំពុងជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាស ឆ្ពោះទៅរកកិច្ចព្រមព្រៀងជាដំណាក់កាល ដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។ ការិយាល័យរបស់លោក Netanyahu បាននិយាយថា ក្រុមចរចានឹងត្រូវបញ្ជូនទៅបន្តការចរចានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
សេចក្ដីថ្លែងការណ៍មួយចេញពីការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា លោក Netanyahu បានរៀបចំការពិភាក្សាស៊ីជម្រៅស្ដីពីការចរចាដោះដូរចំណាប់ខ្មាំង មុនពេលលោកធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលលោកបានពិភាក្សាជាមួយក្រុមអ្នកចរចារ និង ក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់របស់លោក៕