ក្រសួងការបរទេសរុស្ស៊ី និយាយថា ក្រសួងនឹងដាក់បម្រាមគ្មានកំណត់ចំពោះពលរដ្ឋជប៉ុនចំនួន១៣រូប មិនឲ្យចូលទៅក្នុងប្រទេស ជាអ្នកដែលមានទំនាក់ទំនងជាមួយក្រុម និងអាជីវកម្ម ពាក់ព័ន្ធទៅនឹងការគាំទ្រការស្តារ និងការកសាងឡើងវិញ សម្រាប់ប្រទេសអ៊ុយក្រែន។

ក្រសួង បានប្រកាសកាលពីថ្ងៃអង្គារថា សេចក្តីសម្រេចនេះ គឺជាផ្នែកមួយនៃវិធានការសងសឹកប្រឆាំងការដាក់ទណ្ឌកម្មដែលនៅបន្តរបស់រដ្ឋាភិបាលជប៉ុន ជុំវិញ «ប្រតិបត្តិការសិកពិសេស» របស់រុស្ស៊ី។

បញ្ជីនេះ រួមមានទាំងប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន លោក Tanaka Akihiko ដែលបានទៅធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០២៣ និងនាយកប្រតិបត្តិក្រុមហ៊ុន Rakuten Group លោក Mikitani Hiroshi ដែលបានធ្វើដំណើរទៅទីនោះ កាលពីខែកញ្ញាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក លោក Hayashi Yoshimasa ។

បម្រាមនេះ ក៏អនុវត្តចំពោះ លោក Toyoda Akio ប្រធានក្រុមហ៊ុន Toyota Motor និងលោក Amemiya Makoto ប្រធានក្រុមហ៊ុនផលិតម៉ាស៊ីនបោសសម្អាតមីន ដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែន កាលពីដើមខែនេះ។
រុស្ស៊ី បានដាក់បម្រាមមិនកំណត់ចំពោះការចូលប្រទេសរួចទៅហើយ លើនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ប្រធានសភាទាំងពីររបស់ជប៉ុន សមាជិកគណៈរដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន។
ប្រភពព័ត៌មានផ្នែកការទូតជប៉ុន បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងមូស្គូ គឺជាកំហឹង និងសម្តែងការព្រួយបារម្ភថា វិធានការនេះ អាចដាក់សម្ពាធលើក្រុមហ៊ុនជប៉ុន ដែលកំពុងពិចារណាគាំទ្រការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។