ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានប្រកាសកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ លើសពីនេះ វាក៏នឹងជួយជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់ ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ តាមចក្ខុវិស័យ “ប្រទេសបីគោលដៅទេសចរណ៍តែមួយ” ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេស។
ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសថ្កោលទោសព្រមទាំងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់បង្កចលាចល ដែលបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងអំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
គួរបញ្ជាក់ផងដែរថា គំនិតក្នុងផ្តួចផ្តើមការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ហើយបានធ្វើកិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ចំនួន ១១លើកមកហើយ ដែលក្នុងឆ្នាំ ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ផងដែរ៕
