ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់១២ នាក់បានស្លាប់ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលមកពីភ្លៀងមូសុងដ៏ខ្លាំង។ ភ្លៀងធ្លាក់ឥតឈប់ឈរ បានជន់លិចភាគខាងជើងប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បង្កឲ្យមានទឹកជំនន់នៅទីក្រុងម៉ានីល និងបំណាក់ដីនៅតំបន់ភ្នំ ខណៈព្យុះទីហ្វុងហ្កែមី ( Gaemi)បានបង្កើនឥទ្ធិពលខ្យល់មូសុងតាមរដូវកាល។

ព្យុះទីហ្វុង Gaemi និងខ្យល់មូសុងនិរតី បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ទៅកាន់តំបន់រដ្ឋធានីប្រទេសហ្វីលីពីន និងខេត្តជាច្រើននៅភាគខាងជើង ដែលជំរុញឱ្យអាជ្ញាធរផ្អាកការងារ និងថ្នាក់រៀន ខណៈការជួញដូរភាគហ៊ុន និងការប្តូររូបិយបណ្ណបរទេស ត្រូវបានផ្អាក។
ប្រជាជន បានដើរកាត់ទឹកជន់លិចត្រឹមចង្កេះ ក្នុងទីក្រុងម៉ានីល ដោយមួយចំនួនអង្គុយលើពោងបណ្តែតទឹកបណ្តោះអាសន្ន ខណៈអ្នកផ្សេងទៀតជិះទូកចម្លង ឆ្លងកាត់ផ្លូវលិចទឹក។

ការិយាល័យប្រធានាធិបតី បានផ្អាកថ្នាក់រៀននៅគ្រប់កម្រិតសិក្សាទាំងអស់ និងការងារ នៅក្នុងការិយាល័យរដ្ឋាភិបាលភាគច្រើន នៅក្នុងតំបន់រដ្ឋធានី ដែលមានក្រុងចំនួន១៦ និងមានប្រជាជនយ៉ាងហោចណាស់១៣ លាននាក់ ដោយសារតែព្យុះត្រូពិក។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងព្រឹត្តិបត្រព័ត៌មានថា ព្យុះទីហ្វុងGaemi ដែលមានខ្យល់បក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងសន្ទុះខ្យល់ រហូតដល់១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង បានឆ្ពោះទៅកាន់កោះតៃវ៉ាន់។
ទីភ្នាក់ងារ បាននិយាយថា ព្យុះនេះ ពុំបានវាយបោកបក់ដល់ដីគោកនោះទេ ប៉ុន្តែបានបង្កើនឥទ្ធិពលខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងប្រទេសហ្វីលីពីន។
ផ្សារទំនើប និងសាលារៀននានានៅក្នុងកោះតៃវ៉ាន់ត្រូវបានបិទខណៈព្យុះទីហ្វុងហ្កែមី ចូលដល់កោះនេះជាបណ្ដើរៗ។
ព្យុះទីហ្វុងហ្កែមី ដែលកំពុងបក់បោកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់កោះតែវ៉ាន់ បានបោះជួយកាន់តែជិតកោះ Ishigaki របស់ប្រទេសជ៉ុន នៅថ្ងៃពុធនេះដោយមានភ្លៀង និងខ្យល់ខ្លាំង៕