សន្តិសុខត្រូវបានរឹតបន្តឹងក្នុងទីក្រុងវៀងចន្ទន៍ នៅថ្ងៃពុធ (២៤ កក្កដា) នេះ ខណៈដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមនៅមជ្ឈមណ្ឌលសន្និបាតជាតិរបស់ប្រទេសឡាវ។

វត្តមាននគរបាល និងសន្តិសុខប្រដាប់អាវុធជាច្រើនត្រូវបានគេមើលឃើញ ខណៈបណ្ដារដ្ឋមន្ត្រីការបរទេស និងក្រុមមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន បានចាប់ផ្តើមទៅដល់កិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា នេះ។

គណៈប្រតិភូ និងរដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ចំនួន ១០រូប គ្រោងនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន និងបញ្ជាក់ជាថ្មីអំពីភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន ស្របពេលការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែកក្កដាផងដែរ នេះបើយោងតាមក្រសួងចិនបានប្រកាសកាលពីថ្ងៃអង្គារ (២៣ កក្កដា)៕