ប្រទេសបង់ក្លាដែស បានស្ដារឡើងវិញនូវសេវាទូរគមនាគមន៍ដោយផ្នែកនៅថ្ងៃពុធ (២៤ កក្កដា)នេះ ខណៈការតភ្ជាប់អ៊ីនធឺណិតមានភាពយឺតយ៉ាវ ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែត្រូវបានផ្អាក ប៉ុន្មានថ្ងៃបន្ទាប់ពីការតវ៉ាដ៏ហិង្សាប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល បានសម្លាប់មនុស្សជាង ១៦០នាក់។

ប្រទេសនេះភាគច្រើនមានសភាពស្ងប់ស្ងាត់ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលដែលតុលាការកំពូលបានលុបចោលកូតាការងារប្រភេទផ្សេងៗមកនៅត្រឹម ៧ភាគរយប៉ុណ្ណោះ ដោយបានបដិសេធសាលក្រមរបស់តុលាការជាន់ខ្ពស់ដែលកំណត់ឡើងវិញនូវកូតា ៥៦ភាគរយនៅក្នុងការងាររដ្ឋាភិបាលដែលធ្លាប់ត្រូវបានលុបចោលក្នុងឆ្នាំ២០១៨។

នៅពេលដែលបាតុកម្មត្រូវបានកាត់បន្ថយ រដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយបម្រាមគោចរដែលបានដាក់កាលពីសប្តាហ៍មុន។ ក្រុមមន្ត្រីបាននិយាយថា ការរឹតបន្តឹងនឹងត្រូវបានបន្ធូរបន្ថយរយៈពេលប្រាំពីរម៉ោងនៅថ្ងៃពុធនេះ ហើយការិយាល័យការងារក៏នឹងបើកពីម៉ោង ១១ព្រឹកដល់ម៉ោង ៣រសៀលផងដែរ (ម៉ោងក្នុងស្រុក)។
អ្នកស្រុកនៃរដ្ឋធានីដាកា អាចត្រូវបានគេមើលឃើញចេញធ្វើដំណើរនៅតាមផ្លូវនៅព្រឹកថ្ងៃពុធ ដោយរថយន្តក្រុងសាធារណៈក៏បានបើកនៅកន្លែងខ្លះផងដែរ ដែលផ្ទុយស្រឡះពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមនៅក្នុងទីក្រុងនេះកាលពីសប្តាហ៍មុន៕