គិតរហូតមកដល់ពេលនេះមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានី-ខេត្ត ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន។

ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអំឡុងចុះផ្សព្វផ្សាយព័ត៌មានការងារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា ក្រៅពីការងារផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារល្អៗ ពិតប្រាកដឲ្យខិតជិតដល់យុវជន និងអ្នកស្វែងរកការងារនេះ NEA ក៏បានបន្តសកម្មភាពក្នុងការរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។

ក្រុមនិស្សិតរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងបាននិយាយស្រដៀងគ្នាថា សព្វថ្ងៃនេះឱកាសការងារជាច្រើនបានកំពុងបង្ហាញអំពីតម្រូវការកម្លាំងពលជាច្រើនវិស័យ ប៉ុន្តែក្នុងនាមជាយុវជន សិស្ស និស្សិត ក៏ដូចជាអ្នកស្វែងរកការងារធ្វើគប្បីគួរតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ និងត្រៀមខ្លួនឲ្យបានត្រឹមត្រូវជាមុនដើម្បីឆ្លើយតបទីផ្សារការងារដែលកំពុងមានតម្រូវការទាំងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃស្អែកទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួនជាង ១,៤០០កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងបរិវេណ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅតំបន់បឹងត្របែក រាជធានីភ្នំពេញ៕ អត្ថបទ៖ ឈិត បូរ៉ាវី
