នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វឺ លូហ៊្សូន (Christopher Luxon) បានសម្តែងការសោកស្តាយនៅថ្ងៃពុធ (២៤ កក្កដា) នេះបន្ទាប់ពីការស៊ើបអង្កេតជាសាធារណៈមួយបានរកឃើញថា កុមារ យុវជន និងមនុស្សពេញវ័យដែលងាយរងគ្រោះប្រមាណ ២០០.០០០នាក់ ត្រូវបានរំលោភបំពាននៅក្នុងការថែទាំរបស់រដ្ឋ និងសាសនា ក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះ។

របាយការណ៍បានរកឃើញថា កុមារ និងមនុស្សពេញវ័យដែលងាយរងគ្រោះប្រហែលម្នាក់ក្នុងចំណោមបីនាក់នៅក្នុងការថែទាំពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១៩ បានជួបប្រទះនូវទម្រង់នៃការរំលោភបំពានមួយចំនួន ដោយនេះជាការរកឃើញដែលអាចធ្វើឱ្យរដ្ឋាភិបាលប្រឈមមុខនឹងការទាមទារសំណងថ្មីៗរាប់ពាន់លានដុល្លារ។
លោក Luxon បានប្រាប់សន្និសីទសារព័ត៌មានមួយថា «នេះគឺជាថ្ងៃដ៏ខ្មៅងងឹត និងសោកសៅបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនូវែលសេឡង់។ ក្នុងនាមសង្គម និងជារដ្ឋមួយ យើងប្តេជ្ញាចិត្តថាយើងនឹងធ្វើឱ្យបានប្រសើរជាងនេះ»។ លោកបានបន្ថែមថា ការសូមអភ័យទោសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា។
របាយការណ៍របស់គណៈកម្មការស៊ើបអង្កេត រ៉ូយ៉ាល់ (Royal Commission of Inquiry) បានសម្ភាសន៍អ្នកគេចផុតពីការរំលោភបំពានជាង ២.៣០០នាក់នៅប្រទេសនូវែលសេឡង់ ដែលមានប្រជាជនសរុបចំនួន ៥,៣លាននាក់។ ការស៊ើបអង្កេតបានរៀបរាប់លម្អិតអំពីការរំលោភបំពានជាច្រើននៅក្នុងការថែទាំរបស់រដ្ឋ និងសាសនា រួមមានការចាប់រំលោភ ការក្រៀវ និងការឆក់អគ្គិសនី ដែលបានឈានដល់កម្រិតខ្ពស់ខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០៕