សាលារៀនរដ្ឋ ចាប់ពីកម្រិតបឋមសិក្សា បានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ ដោយសាលាមួយចំនួន បានឈប់ប្រើប្រាស់ក្បួនគណនាលេខចាស់ ហើយចាប់ផ្ដើមបង្រៀនសិស្សឱ្យចេះពីក្បួនគណនាលេខរហ័ស ដែលអាចជួយឱ្យកុមារមានភាពលូតលាស់បញ្ញា គិតលេខបានកាន់តែរហ័សជាងមុន។

ការគណនាលេខរហ័ស ជាក្បួនគិតលេខបែបទំនើប អាចជួយឱ្យកុមារអាចគណនាលេខកាន់តែលឿនរហ័ស បើធៀបនឹងក្បួនគណលេខចាស់ ដែលធ្លាប់អនុវត្ត។ ក្បួនគណនាលេខរហ័សនេះ កន្លងទៅគឺអនុវត្តនៅគ្រឹះស្ថានឯកជនប៉ុណ្ណោះ។ បច្ចុប្បន្ន សាលារៀនរដ្ឋពិសេសថ្នាក់បឋមសិក្សា ក៏បានចាប់ផ្ដើមអនុវត្តបង្រៀនកុមារ ឱ្យចេះពីរបៀបគិតលេខរហ័សផងដែរ។ យ៉ាងណាម៉ិញការអនុវត្តអាចមិនទាន់បានគ្រប់សាលារៀននោះទេ។

សម្រាប់សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស បច្ចុប្បន្នបានអនុវត្តការបង្រៀនក្បួនគណនាលេខរហ័ស គ្រប់កម្រិតថ្នាក់។ នេះជាការបញ្ជាក់របស់ លោក ផុន ណាត ជានាយកសាលា។ លោកបញ្ជាក់ថា សាលាបានចាប់ផ្ដើមអនុវត្តភ្លាមៗ ក្រោយទទួលបានសេចក្ដីណែនាំពីក្រសួងអប់រំ។ ក្នុងនាមជាគណៈគ្រប់គ្រងសាលា លោកថាការបង្រៀនកុមារឱ្យចេះពីរបៀបគិតលេខថ្មីបានរហ័សនេះ ជារឿងប្រសើរ ជួយឱ្យកុមារមានភាពវៃឆ្លាត មានភាពលូតលាស់ខួរក្បាល។

ចំណែកសិស្សានុសិស្សបានបង្ហាញនូវភាពសប្បាយចិត្ត ពេញចិត្តចំពោះការសិក្សាក្បួនគិតលេខរហ័សនេះ។ ពួកគេថា ក្រោយសិក្សាបានមួយរយៈមកនេះ ពួកគេមានសមត្ថភាពគិតលេខបានកាន់តែលឿន ជួយឱ្យពួកគេធ្វើលំហាត់បានកាន់តែលឿន និងកាន់តែស្រលាញ់ការសិក្សា។

ការបង្រៀនលើក្បួនគណនាលេខបែបរហ័សនេះ អ្នកគ្រូ សុខ សំភី លើកឡើងឱ្យដឹងដែរថា អ្នកគ្រូក៏ដូចជាគ្រូដទៃ ទទួលបានការបណ្ដុះបណ្ដាល និងធ្វើការស្រាវជ្រាវបន្ថែម សម្រាប់ការចាប់ផ្ដើមផ្លាស់ប្ដូរដ៏ថ្មីមួយនេះ។ អ្នកគ្រូពេញចិត្ត ហើយក៏មើលឃើញពីភាពប្រសើរឡើង របស់សិស្សលើការគណនាលេខផងដែរ។
សូមជម្រាបថាក្បួនគណនាលេខរហ័សដែលកំពុងអនុវត្តនៅគ្រឹះស្ថានសិក្សារដ្ឋនេះ គឺស្របទៅតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលណែនាំស្ដីពី ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈគំរូ ដែលបានចេញកាលពីខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ៕ អត្ថបទ៖ គឹម ហុក