អ្នកនាំពាក្យ បាននិយាយកាលពីថ្ងៃអង្គារថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះសេចក្តីប្រកាសស្តីពីការបញ្ចប់ការបែងចែក ការពង្រឹងសាមគ្គីភាព និងបង្កើតរដ្ឋាភិបាលរួបរួមបណ្តោះអាសន្ន ដែលត្រូវបានចុះហត្ថលេខា ដោយក្រុមប៉ាឡេស្ទីនចំនួន១៤ក្រុម រួមមានទាំងគូប្រជែង ក្រុមហាម៉ាស និងក្រុមហ្វាតា នៅក្នុងទីក្រុងប៉េកាំង។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បាននិយាយឆ្លើយតបទៅនឹងសំណួរនៅក្នុងសន្និសីទប្រចាំថ្ងៃថា លោក Guterres ស្វាគមន៍យ៉ាងខ្លាំងចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំង ដោយក្រុមប៉ាឡេស្ទីន។

ដោយចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «ជំហានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសាមគ្គីភាពប៉ាឡេស្ទីន» លោក Dujarric បាននិយាយថា អគ្គលេខាធិការ ជំរុញទឹកចិត្តគ្រប់ក្រុមទាំងអស់ ឱ្យជម្នះលើភាពខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈការសន្ទនា និងជំរុញឱ្យពួកគេ ធ្វើតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង និងសេចក្តីប្រកាស ដែលពួកគេបានចុះហត្ថលេខា។
លោកនិយាយថា យើងបានមើលឃើញរឿងនេះពីពេលមុនមក យើងក៏បាននិយាយរឿងនេះកាលពីពេលមុន ហើយលោកគិតថា រាល់ជំហានឆ្ពោះទៅរកការរួបរួមគឺត្រូវបានស្វាគមន៍ និងលើកទឹកចិត្ត។ ការរួបរួមប៉ាឡេស្ទីន ដូចដែលយើងបាននិយាយច្រើនដងមកហើយ គឺមានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខ និងសម្រាប់ជំរុញបំណងប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន សម្រាប់ការសម្រេចដោយខ្លួនឯង និងសម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យពេញលេញ ប្រជាធិបតេយ្យ ឋិតថេរ និងរដ្ឋប៉ាឡេស្ទីនអធិបតេយ្យភាព។
អ្នកនាំពាក្យ និយាយថា លោក Guterres ក៏បានសម្តែងការវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលត្រូវបានធ្វើឡើងដោយប្រទេសចិន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសផ្សេងទៀតដែលពាក់ព័ន្ធក្នុងការសម្របសម្រួលដំណើរការនេះ។ តាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃក្រុមប៉ាឡេស្ទីនចំនួន១៤ក្រុម ដែលបានចរចាផ្សះផ្សានៅទីក្រុងប៉េកាំង ចាប់តាំងពីថ្ងៃទី ២១ដល់ថ្ងៃទី២៣ ខែកក្កដា ហើយបានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែងចែក និងការពង្រឹងឯកភាពជាតិប៉ាឡេស្ទីន។