
ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់១៨នាក់ បានស្លាប់ នៅពេលដែលយន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ហើយឆេះ ខណៈយន្តហោះ កំពុងហោះចេញពីរដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់ នៅថ្ងៃពុធ ទី២៤ ខែកក្កដា នេះ។
រូបភាពពីកងទ័ពប្រទេសនេប៉ាល់ បានបង្ហាញបុគ្គលិកសង្គ្រោះបន្ទាន់ បានទៅប្រមូលផ្តុំគ្នានៅជុំវិញបំណែកយន្តហោះ ដែលបានឆេះរោល និងកំពុងនៅហុយផ្សែង។
សារព័ត៌មានរ៉យទ័រ អាចកំណត់ទីតាំងរូបភាពវីដេអូពីរចនាសម្ព័ន្ធ និងលក្ខណៈភូមិសាស្ត្រ ខណៈបានឃើញនៅលើផ្កាយរណប រូបភាពឯកសារ និងវីដេអូដែលបានអះអាង។

កងទ័ពប្រទេសនេប៉ាល់ បានបញ្ជាក់នៅលើបណ្តាញ X ដែលកាលពីពេលមុនគេស្គាល់ថា Twitter ថាពួកគេបានចល័តបុគ្គលិក បន្ទាប់ពីយន្តហោះបានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៅថ្ងៃពុធនេះ។
ប្រធានសន្តិសុខអាកាសយានដ្ឋាន លោក Arjun Chand Thakuri បាននិយាយថា យន្តហោះនេះកំពុងដឹកសមាជិកយានិកពីរនាក់ និងអ្នកបច្ចេកទេស១៧នាក់ទៅកាន់ទីក្រុង Pokhara ដើម្បីត្រួតពិនិត្យការថែទាំ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យន្តហោះនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines ។ ក្រុមហ៊ុនអាកាសចរណ៍ Saurya ធ្វើប្រតិបត្តិការជើងហោះហើរក្នុងស្រុក នៅក្នុងប្រទេសនេប៉ាល់ ជាមួយយន្តហោះ Bombardier CRJ-200 ចំនួនពីរគ្រឿង ដែលយន្តហោះទាំងពីរ មានអាយុកាលប្រហែល២០ ឆ្នាំ។