
ប្រធានាធិបតីអាមេរិក លោក Joe Biden បានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញហើយ កាលពីថ្ងៃអង្គារ (ទី២៣ ខែកក្កដា) ចាប់តាំងពីដកខ្លួនចេញពីការប្រកួតប្រជែងកៅអីសេតវិមាន ហើយលោកបានប្រកាសពីគម្រោងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ នៅថ្ងៃពុធ (ទី២៤ ខែកក្កដា) នេះ ដើម្បីពន្យល់ពីការសម្រេចចិត្តរបស់លោក និងបង្ហាញពីផែនការ សម្រាប់រយៈពេល ៦ខែចុងក្រោយរបស់លោក ក្នុងការកាន់តំណែង។
បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅឯគេហដ្ឋានវិស្សមកាលរបស់លោក ក្នុងរដ្ឋ Delaware លោក Biden បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង គិតចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ដោយមើលទៅមានសុខភាពល្អជាងមុន។ នៅពេលលោកវិលមកវិញ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកមានអារម្មណ៍ល្អជាធម្មតា ហើយបានចែករំលែកនៅលើបណ្ដាញសង្គម ដោយបានលើកឡើងថា សុន្ទរកថារបស់លោក នឹងគ្របដណ្ដប់តែលើ «អ្វីដែលនៅខាងមុខ» និងការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់អាណត្តិរបស់លោកដោយរឹងមាំ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ពីចេតនារបស់លោក ក្នុងការធ្វើយុទ្ធនាការ សម្រាប់អនុប្រធានាធិបតី លោកស្រី Kamala Harris និងដើម្បីបន្តអាទិភាពសំខាន់ៗ ទាំងក្នុងស្រុក និងក្រៅស្រុក។ វេជ្ជបណ្ឌិតលោក Kevin O'Connor បានបញ្ជាក់ពីការជាសះស្បើយរបស់ Biden ពីជំងឺកូវីដ-១៩ ដោយនិយាយថា លោកមិនមានអាការគ្រុនក្តៅ និងបន្តមានអាការធម្មតា។

លើសពីនេះទៀត ខណៈពេលដែលលោក Biden បានលុបចោលផែនការធ្វើដំណើររបស់លោក សម្រាប់សប្តាហ៍នេះ លោកនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី២៥ ខែកក្កដា ហើយទៅវិមានសម្រាកលំហែ Camp David នាថ្ងៃទី២៦ ខែកក្កដា។ ការធ្វើដំណើរដែលបានពន្យារពេលទៅទីក្រុង Austin រដ្ឋ Texas ត្រូវបានកំណត់ឡើងវិញនៅថ្ងៃទី២៩ ខែកក្កដា ជាកន្លែងដែលលោកនឹងចូលរួមក្នុងពិធីមួយ ដែលធ្វើឡើង ដើម្បីរំលឹកខួបលើកទី៦០ នៃច្បាប់សិទ្ធិស៊ីវិល៕