អាហ្វហ្គានីស្ថាន៖ ការចាកចេញរបស់យន្តហោះយោធាអាមេរិកចុងក្រោយពីអាហ្វហ្គានីស្ថាន បានទុកឲ្យប្រទេសនេះប្រឈមនឹងភាពមិនច្បាស់លាស់ ដោយក្រុមតាលីបង់កំពុងស្វែងរកការពង្រឹងការគ្រប់គ្រងប្រទេស ដែលត្រូវបានខ្ទេចខ្ទាំដោយសារសង្គ្រាម ២ទសវត្សរ៍ និងសេដ្ឋកិច្ចយូរអង្វែងពឹងផ្អែកតែលើជំនួយបរទេស និងការលក់អាភៀន។

ឥឡូវនេះអាមេរិក សម្ព័ន្ធមិត្ត និងគូប្រជែងរួមទាំងរុស្ស៊ី និងចិនត្រូវតែរួបរួមគ្នាឡើងវិញ និងវាយតម្លៃពីមធ្យោបាយដែលនឹងត្រូវទាក់ទងជាមួយពួកតាលីបង់ ដែលបានដណ្ដើមអំណាចភ្លាមៗដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈពេលដែលកងទ័ពអាមេរិក និងណាតូបានដកចេញពីប្រទេសនេះ។ ភាពចលាចលនៃការដកទ័ពអាមេរិក ក្រោយការដួលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani គឺបញ្ជាក់ឲ្យឃើញច្បាស់ពីភាពផុយស្រួយ និងការប្រឈមនានានៅចំពោះមុខ។ បន្ទាប់ពីការជម្លៀសមនុស្សប្រមាណ ១២០.០០០នាក់ សហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងជួយដល់ជនជាតិអាមេរិកណាដែលនៅតែមាននៅក្នុងប្រទេសនេះ។
ភាពមិនប្រាកដប្រជាគឺជាជោគវាសនារបស់ជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ ដែលជាកម្មករសង្គមស៊ីវិល ស្ត្រី និងក្មេងស្រី អនីតិជន ដែលនៅតែចង់រត់គេចខ្លួន ប៉ុន្តែមិនអាច។ សម្ព័ន្ធមិត្តអាមេរិក និងអឺរ៉ុបបាននិយាយថា ពួកគេនឹងបន្តជួយសម្រួលដល់ការជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថាន ហើយកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស និងប្រទេស ៩៧ផ្សេងទៀតបានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយមេដឹកនាំតាលីបង់ ដើម្បីអនុញ្ញាតឱ្យពួកគេបន្តយកប្រជាជនចេញពីប្រទេស បន្ទាប់ពីការដកទ័ពកាលពីថ្ងៃចន្ទ៕
អត្ថបទ៖ សុខមាន