
ប្រធានាធិបតីអាមេរិក លោក Joe Biden មិនត្រូវបានគេឃើញដោយផ្ទាល់នោះឡើយ គិតចាប់តាំងពីការដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ បន្ទាប់ពីលោកបានឆ្លងជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន ខណៈដែលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោកស្រី Lauren Boebert បានទាមទារឲ្យមាន «ភស្តុតាងពីការបង្ហាញសកម្មភាព» របស់លោក ដោយសារបុរសវ័យ ៨១ឆ្នាំរូបនេះ មិនមានវត្តមានជាសាធារណៈទាល់តែសោះ គិតចាប់តាំងពីលោកបានឆ្លងជំងឺនោះ។
ការទាមទាររបស់លោកស្រី បានកើតមានឡើងបន្ទាប់ពីមានការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលតាមបណ្ដាញសង្គមរបស់លោក Biden កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដែលថា លោកនឹងដកខ្លួនពីការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ និងគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ឲ្យធ្វើជាតំណាងរបស់គណបក្សប្រជាធិបតេយ្យ។ ដោយមិនមាននូវរូបថត ឬវីដេអូនោះ ការប្រកាសនេះ បានបង្កើនការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់លោក Biden។

លោកស្រី Boebert បានទាមទារនៅលើបណ្ដាញសង្គមថា លោក Biden ត្រូវផ្តល់ «ភស្តុតាងនៃការមានជីវិត» ពោលគឺការមានសកម្មភាព ដែលបញ្ជាក់ថា លោកមានសុខភាពធម្មតា ត្រឹមម៉ោង៥ ល្ងាចថ្ងៃចន្ទ ដោយទទូចថា តើលោកដឹងទេថា លោកបានសម្រេចដកខ្លួនចេញ។ ពេញមួយថ្ងៃ លោកស្រី បានរំលឹកឡើងវិញនូវការទាមទាររបស់លោកស្រីជាច្រើនដង ដោយឆ្លើយតបទៅនឹងការបង្ហោះរបស់សកម្មជន លោក Charlie Kirk ដែលបានលើកឡើងពីពាក្យចចាមអារ៉ាមមិនមានការបញ្ជាក់ពីនាយកដ្ឋាននគរបាលទីក្រុង Las Vegas ដែលបានកំណត់ថា លោក Biden អាចមិនមានសកម្មភាពអ្វីឡើយ (កម្រើកខ្លួនមិនបាន)។
លោក Kirk បានអះអាងថា លោក Biden ត្រូវបានសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៅទីក្រុង Las Vegas កាលពីថ្ងៃពុធសប្ដាហ៍មុន មុនពេលលុបចោលព្រឹត្តិការណ៍យុទ្ធនាការមួយ និងការធ្វើដំណើរជាបន្ទាន់ទៅកាន់រដ្ឋ Delaware។ តែទោះជាយ៉ាងណាក្ដី ក្រុមរបស់លោក Biden បញ្ជាក់ថា លោកកំពុងជាសះស្បើយឡើងវិញ ដោយអនុប្រធានាធិបតី លោកស្រី Harris បានប្រាប់ថា លោក «មានអារម្មណ៍ប្រសើរជាងមុនច្រើន»៕