
ប្រភពពីប៉ាឡេស្ទីន បាននិយាយថា យោធា និងនគរបាលអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧នាក់ នៅក្នុងការប៉ះទង្គិចគ្នាពីរ នៅតំបន់វេសបែង។
ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់សារព័ត៌មានស៊ីនហួថា បុរស ៤នាក់ រួមទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចលនាហ្វាតា ( Fatah) ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល នៅក្នុងជំរុំ Tulkarm នៅភាគខាងជើងតំបន់វេសបែង។
ប្រភពបានចោទប្រកាន់យោធាអ៊ីស្រាអែលថា បានរឹបអូសយកសាកសព និងបានរារាំងគ្រូពេទ្យប៉ាឡេស្ទីនមិនឲ្យយកពួកគេ និងអ្នករងរបួស ទៅមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះដែរ បើយោងតាមអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន មន្ទីរពេទ្យមួយក្នុងទីក្រុង Tulkarm បានទទួលយកសាកសពបុរសជនជាតិប៉ាឡេស្ទីនម្នាក់ ដែលបានស្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល និងយ៉ាងហោចណាស់ក៏បីនាក់ រងរបួសផងដែរ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ព និងនគរបាល បានវាយឆ្មក់ទៅលើតំបន់ Tulkarm នៅពេលយប់ នៅក្នុង «កិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម» ដោយបានបាញ់ប្រហារតគ្នាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រដាប់អាវុធ និង បានកម្ទេច«គ្រឿងផ្ទុះជាច្រើន» ដែលត្រូវបានដាក់នៅតាមផ្លូវមួយចំនួន។