
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani កាលពីថ្ងៃអង្គារ បាននិយាយថា ការនាំចេញផលិតផលការពារជាតិរបស់ប្រទេសនេះ បានកើនឡើង ៤ដង ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
លោកបានធ្វើសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលធ្វើបទបង្ហាញដល់គណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ ដោយលើកឡើងពីសមិទ្ធិផលរបស់ក្រសួង ចាប់តាំងពីលោក បានចាប់ផ្តើមកាន់តំណែង ក្នុងខែសីហា ឆ្នាំ ២០២១។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។

សារព័ត៌មាន IRNA បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីផ្សេងទៀត នៅក្នុងកិច្ចប្រជុំនោះថា ក្នុងអំឡុងពេលនោះ ទិន្នផលឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ បានកើនឡើង ២៥០ ភាគរយ។
របាយការណ៍នោះ មិនបានបង្ហាញពីចំនួនជាក់លាក់នៃទិន្នផល ឬការនាំចេញនោះទេ។
រដ្ឋបាលទី១៣ របស់ប្រទេសអ៊ីរ៉ង់ បានបរាជ័យក្នុងការបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំរបស់ខ្លួន ដោយសារតែមរណភាពដែលមិននឹកស្មានដល់របស់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១៩ ខែឧសភា។ រដ្ឋបាលបន្ទាប់របស់ប្រទេសនេះ នឹងចូលកាន់តំណែង បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Masoud Pezeshkian នៅថ្ងៃទី ៣០ ខែកក្កដា។