ប្រណាំងកង់៖ កីឡាករហូឡង់ Fabio Jakobsen បានអបអរខួបកំណើតឈានចូលវ័យ ២៥ឆ្នាំរបស់ខ្លួនតាមរយៈជ័យជំនះដំណាក់កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana តែអ្នកនាំមុខរួមមិនផ្លាស់មុខឡើយគឺនៅតែជាកីឡាករណ័រវេយ Odd Christian Eiking។

ដំណាក់កាលទី ១៦ ដែលមានចំងាយផ្លូវ ១៨០គីឡូម៉ែត្រ កីឡាកររបស់ក្រុម Deceuninck-Quickstep បានគ្រប់គ្រងការនាំមុខនៅរយៈចំងាយ ២គីឡូម៉ែត្ចុងក្រោយដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៨នាទី ៥៧វិនាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Jordi Meeus របស់ក្រុម Bora-Hansgrohe និងលេខ៣ កីឡាករអ៊ីតាលី Matteo Trentin របស់ក្រុម UAE Team Emirate។
ងាកមកតារាងចំណាត់ថ្នាក់រួមក្រោយប្រកួតបាន ១៦ ក្នុងចំណោម ២១ដំណាក់កាលនេះវិញ កីឡាករណ័រវេយរបស់ក្រុម Deceuninck-Quickstep, Odd Christian Eiking នៅតែបន្តនាំមុខគេដដែលដោយមានថេរវេលាសរុប ៦៤ម៉ោង ៦នាទី ៤៧វិនាទី នាំមុខ ៥៤វិនាទីលើអ្នកលេខ២ កីឡាករបារាំង Guillaume Martin និងលេខ៣ អ្នកការពារតំណែងជើងឯក Primoz Roglic យឺតជាង ១នាទី ៣៦វិនាទី។ សំរាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៨៥.៨គីឡូម៉ែត្រជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំ៕
អត្ថបទ៖នាង សុភាវុធ