សៀមរាប៖ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខេត្តសៀមរាប ចំនួន៧៥លើក បណ្ដាលឱ្យមានអ្នករងគ្រោះជនជាតិខ្មែរនិងបរទេសចំនួន១៦៨នាក់ ក្នុងនោះមនុស្សស្លាប់ចំនួន៥៧នាក់ និងអ្នករបួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាលចំនួន៧១នាក់ ខណៈខូចខាតយានយន្តសរុប ១៣៥គ្រឿង។

លោក ពិន ប្រាកដ អភិបាលរង និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តខេត្ដសៀមរាប មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ដសៀមរាប នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤។
លោកមានប្រសាសន៍បន្ដថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កំលាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។លោកបន្ដថា សកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។
លោកបន្ថែមថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្ត គ្រប់ប្រភេទនៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ដោយបានអោយកំលាំងចុះធ្វើការណែនាំផ្សព្វផ្សាយអប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានប្រើប្រាស់សម្ភារៈចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអស់ចំនួនផងដែរ។
លោកបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្តទឹកដីខេត្តសៀមរាប បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើ៧៨% បណ្តាលអោយមនុស្សស្លាប់ ចំនួន៥៧នាក់ កើនឡើង២៤នាក់ ស្មើ៧២%។របួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាល ចំនួន៧១នាក់ កើនឡើង៤៣នាក់ ស្មើ១៥៣%។ និងអ្នករងគ្រោះ មានចំនួន១៦២នាក់ បរទេស៦នាក់ ខណៈដែលខូចខាតយានយន្តសរុប១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង៕