ស្ទឹងត្រែង៖ យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ យុទ្ធនាការចាក់វ៉ាក់សាំង សត្វគោ ក្របី ការពារជំងឺឆ្លង នាពេលកន្លងមក បានចំនួន១៧៣១៥ក្បាល ។
លោកប្រធានមន្ទីរបញ្ជាក់ថា ជាការពិតណាស់យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ.ក្របីនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលស្រុកសេសាន នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងសត្វគោ ក្របី និងកាត់បន្ថយអត្រាសត្វស្លាប់ និងហានិភ័យពីការបរិភោគសាច់សត្វជាដើម ។ ទន្ទឹមនោះ នៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹកញាប់ទៅលើគោ ក្របី មានដូចជា ជំងឺសារទឹកអុតក្តាម និងដុំពក ជាដើម ។ល។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា សត្វគោនៅទូទាំងខេត្តមមានចំនួន ៣៦,៦៥៧ក្បាល នៅស្រុកសេសានមានចំនួន ៧,៣៣០ក្បាល ។ រីឯសត្វក្របីនៅទូទាំងខេត្ត មានចំនួន ១៥,៩៩៦ក្បាល ស្រុកសេសានមានចំនួន ២,៧៩០ក្បាល ។ ចំណែកសត្វគោ/ក្របី ដែលបានវ៉ាក់សាំងការពារជំងឺសារទឹក មានសត្វគោចំនួន១,១០១២ក្បាល ។ រីឯសត្វក្របីចំនួន ៥,៣៦៧ក្បាល ។ ដោយឡែកសត្វគោ/ក្របី ដែលបានចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម ក្នុងនោះសត្វគោមានចំនួន ៥៧ក្បាល រីឯក្របីចំនួន៤២៩ក្បាល ។ ចំណែកសត្វគោដែលបានចាក់ថ្នាំព្យាបាលមានចំនួន ២៣០ក្បាល ក្របី៧៨ក្បាល ។ សត្វគោស្លាប់ដោយសារជំងឺ០២ក្បាល និងក្របី០២ក្បាល ។ ដោយឡែកសត្វគោបង្កាត់តាមបច្ចេកទេសសិប្បនិម្មិតមានចំនួន ៧៦ក្បាលផងដែរ ៕




