ប្រមុខការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង ត្រូវបានគេជឿថា បានបញ្ជូនកុងតឺន័រដែលអាចផ្ទុកគ្រាប់កាំភ្លើងធំជាង ៥លានគ្រាប់ ទៅកាន់ប្រទេសរុស្ស៊ី ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការពារជាតិ Shin Won-sik បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មានYomiuri Shimbun របស់ជប៉ុននៅព្រឹកថ្ងៃនេះថា ក្នុងចំណោមកុងតឺន័រទាំងនោះដែលគេសន្មតថា ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីពីកូរ៉េខាងជើង គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា គឺមាន កុងតឺន័រដែលអាចផ្ទុកកាំភ្លើងធំប្រមាណ ៥,២ លានគ្រាប់ រួមទាំងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ផងដែរ។
លោក Shin បានបញ្ជាក់សាជាថ្មីនូវជំហររបស់កូរ៉េខាងត្បូងថា ការផ្តល់អាវុធដែលអាចកើតមានដល់អ៊ុយក្រែន នឹងពឹងផ្អែកលើភាពជាក់ស្តែង និងព័ត៌មានលម្អិតនៃកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដូចជាប្រតិបត្តិការអាវុធ និងបច្ចេកវិទ្យាយោធា ជាដើម។
ដោយកត់សម្គាល់ពីរបៀបដែល លោកស្រី Kim Yo-jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានគំរាមកំហែងពីផលវិបាក «ដ៏ធ្ងន់ធ្ងរ និងគួរឲ្យឈឺចាប់» ប្រឆាំងនឹងការផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាងដោយក្រុមសកម្មជន នៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានចង្អុលបង្ហាញអំពីការផ្លាស់ប្តូរនៅក្នុងការឆ្លើយតបរបស់ខ្លួន លោក Shin បាននិយាយថា កូរ៉េខាងជើង អាចប៉ុនប៉ងវាយប្រហារទីតាំងដែលខិត្តប័ណ្ណបែបនេះ ត្រូវបានបញ្ជូនចេញទៅនោះ។