អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមរាប់រយគ្រាប់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ នេះ ជាមួយនឹងបំណែកសំរាមមួយចំនួន បានចុះចតនៅលើបរិវេណការិយាល័យប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល។
ការបង្ហោះបាឡុងដែលជាលើកទី២ នៃសប្តាហ៍នេះ បានកើតឡើង នៅពេលដែលយោធាកូរ៉េខាងត្បូង បានផ្ទុះការផ្សាយប្រឆាំងទីក្រុងព្យុងយ៉ាងពេញលក្ខណៈតាមរយៈឧបករណ៍បំពងសំឡេងនៅព្រំដែនរបស់ខ្លួនសម្រាប់ថ្ងៃទី៤ ដើម្បីឆ្លើយតបទៅនឹងការបន្តបង្ហោះបាឡុងរបស់កូរ៉េខាងជើង។
នៅព្រឹកថ្ងៃពុធនេះ សេវាសន្តិសុខប្រធានាធិបតី បានរកឃើញសំរាមធ្លាក់នៅលើដីនៃបរិវេណកណ្តាលទីក្រុងសេអ៊ូល ខណៈដែលកូរ៉េខាងជើង បានបញ្ជូនបាឡុងបន្ថែមទៀត ដែលផ្ទុកបំណែកក្រដាសអេតចាយ និងសំរាមផ្សេងទៀត។
ការវិភាគលើវត្ថុដែលធ្លាក់ បានបង្ហាញថា ពួកវាមិនមានគ្រោះថ្នាក់ទេ។ ប៉ុន្តែយោធា បានបដិសេធមិនបាញ់ទម្លាក់បាឡុងទាំងនោះទេ ដោយបារម្ភថា សំរាមនៅក្នុងបាឡុងទាំងនោះ អាចខ្ទាត់រប៉ាត់រប៉ាយនិងបង្កឲ្យមានការខូចខាតបន្ថែមទៀត។