បណ្ដារោងចក្រកាត់ដេរ និងធនាគារ ក្នុងប្រទេសបង់ក្លាដែស បានបើកដំណើរការឡើងវិញ នៅថ្ងៃពុធ (ទី ២៤ ខែកក្កដា) នេះ បន្ទាប់ពីមានការបន្ធូរបន្ថយបម្រាមគោចរដែលត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយការតវ៉ារបស់និស្សិត ជុំវិញកូតាការងារស៊ីវិល។
គួរបញ្ជាក់ថា អំពើហិង្សាកាលពីសប្តាហ៍មុន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨៦នាក់ បានបាត់បង់ជីវិត ដែលធ្វើឲ្យក្លាយជាភាពចលាចលដ៏អាក្រក់បំផុត អំឡុងពេលកាន់តំណែងរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina។
ទោះបីជាការដាច់ប្រព័ន្ធអ៊ីនធឺណិត បន្តមាននៅទូទាំងប្រទេសក៏ដោយ ក៏ភាពស្ងប់ស្ងាត់តាមដងផ្លូវ បានវិលត្រឡប់មកវិញហើយ ដោយអនុញ្ញាតឲ្យរោងចក្រវាយនភណ្ឌ ដែលមានសារៈសំខាន់ដល់ឧស្សាហកម្មនាំចេញតម្លៃ ៥០ពាន់លានដុល្លាររបស់បង់ក្លាដែស អាចដំណើរការឡើងវិញបាន។ កម្មកររោងចក្រម្នាក់ ដែលប្រាប់តែឈ្មោះ Khatun បាននិយាយថា៖ «យើងព្រួយបារម្ភអំពីអនាគតរបស់ក្រុមហ៊ុនយើង»។ នាងបានប្រាប់ថា គាំទ្រការទាមទាររបស់ក្រុមនិស្សិត ដើម្បីឲ្យមានកំណែទម្រង់ ប៉ុន្តែមានការតក់ស្លុតនឹងអំពើហិង្សា។
សមាគមរោងចក្រ និងអ្នកនាំចេញសម្លៀកបំពាក់បង់ក្លាដែស បានបញ្ជាក់ថា រោងចក្រនានា បានចាប់ផ្ដើមការងារទូទាំងប្រទេសឡើងវិញ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Asaduzzaman Khan បានផ្តល់ការលើកលែមិនឲ្យមានបម្រាមគោចរ សម្រាប់កម្មករវាយនភណ្ឌ។
ធនាគារ ផ្សារហ៊ុន Dhaka និងការិយាល័យរដ្ឋាភិបាលមួយចំនួន បានបើកដំណើរការឡើងវិញ តែមិនពេញមួយថ្ងៃនោះទេ ខណៈដែលក្រុមនិស្សិតដែលដឹកនាំការតវ៉ា បានផ្អាកការធ្វើបាតុកម្ម រហូតដល់ថ្ងៃទី២៦ ខែកក្កដា។ នគរបាលបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ២.៥០០នាក់ ចាប់តាំងពីភាពចលាចលបានចាប់ផ្តើមឡើង។
ពាក់ព័ន្ធនឹងដើមហេតុដែលនាំឲ្យផ្ទុះការតវ៉ានេះ ក្រុមអ្នករិះគន់អះអាងថា ប្រព័ន្ធកូតានោះត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រអ្នកស្មោះត្រង់នឹងគណបក្សរបស់លោកស្រី Hasina ជាការលើកឡើងដែលរដ្ឋាភិបាលរបស់លោកស្រីបដិសេធ៕