
ប្រទេសឡាតវីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការយុត្តិធម៌សហភាពអឺរ៉ុប (ECJ) ដែលលុបចោលទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី លោក Mikhail Fridman និងដៃគូអាជីវកម្មរបស់លោក គឺលោក Petr Aven។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន LETA របស់ឡាតវី ដែលបានធ្វើសេចក្ដីរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងយុត្តិធម៌របស់ប្រទេសនេះ។
សារព័ត៌មាន LETA បានឲ្យដឹងថា ECJ «បច្ចុប្បន្នកំពុងវាយតម្លៃថា តើបណ្តឹងឧទ្ធរណ៍នេះ អាចទទួលយកបានដែរ ឬទេ»។

គួរបញ្ជាក់ថា ECJ ដែលជាតុលាការកំពូលរបស់សហភាពអឺរ៉ុប កាលពីខែមេសា បានសម្រេចលុបចោលការដាក់ទណ្ឌកម្មលើលោក Aven និងលោក Fridman ក្នុងឆ្នាំ ២០២២-២០២៣ ដោយនិយាយថា ប្លុកនេះ មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ ដែលថា អ្នកទាំង២ បានគាំទ្រសកម្មភាព ឬគោលនយោបាយរបស់វិមានក្រឹមឡាំងប្រឆាំងនឹងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានលុកលុយ ក្នុងឆ្នាំ២០២២។
ECJ បានឲ្យដឹងនៅក្នុងការវិនិច្ឆ័យរបស់ខ្លួនថា លោក Fridman មានសញ្ជាតិ២ គឺរុស្ស៊ី-អ៊ីស្រាអែល ហើយលោក Aven មានសញ្ជាតិ ២ដែរ គឺរុស្ស៊ី-ឡាតវី។ ពួកគេទាំង ២នាក់ គឺជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Alfa Group ដែលរួមមានធនាគារឯកជនធំជាងគេបំផុតរបស់រុស្ស៊ី Alfa Bank និងក្រុមហ៊ុនលក់អាហារដ៏ធំបំផុត X5 Retail Group៕