
នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ថ្ងៃឈប់សម្រាករដូវក្តៅ សម្រាប់សាលារៀនជាង ១០០.០០០កន្លែង នឹងត្រូវពន្យារពេល ២សប្តាហ៍ទៀត ដោយសារកម្ដៅក្ដៅខ្លាំង។ នេះបើយោងតាមការប្រកាសរបស់មន្ត្រីក្រសួងអប់រំ នាថ្ងៃពុធ (ទី២៣ ខែកក្កដា) នេះ។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានប្រឈមនឹងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ដែលកើនឡើងកាន់តែខ្លាំង ក្នុងនោះរួមទាំងការមានរលកកម្ដៅញឹកញាប់ និងខ្លាំងក្លាផងដែរ។ លោក Atif Vighio មកពីនាយកដ្ឋានអប់រំ Sindh បាននិយាយថា៖ «យើងបានសម្រេចបិទសាលារៀនរយៈពេល ១៤ថ្ងៃបន្ថែមទៀត ដើម្បីសុខុមាលភាពរបស់កុមារ»។

ការផ្ដាច់ចរន្តអគ្គិសនី ឬការកាត់បន្ថយបន្ទុកចែកចាយថាមពល ធ្វើឲ្យស្ថានការណ៍ស្មុគស្មាញ ជាពិសេសនៅតំបន់ជនបទ Sindh ដែលការដាច់ភ្លើងអាចមានលើសពី ១២ម៉ោងជារៀងរាល់ថ្ងៃ។ គ្រូបង្រៀនម្នាក់បានសម្តែងការព្រួយបារម្ភអំពីការឡើងកម្ដៅ និងការផ្ដាច់ចរន្តអគ្គិសនីនេះថា ប៉ះពាល់ដល់ប្រតិបត្តិការរបស់សាលា។
សូមបញ្ជាក់បន្ថែមថា អង្គការយូនីសេហ្វ (UNICEF) របស់អង្គការសហប្រជាជាតិ រាយការណ៍ថា កុមារជាង ៤៦០លាននាក់ នៅអាស៊ីខាងត្បូង ត្រូវប្រឈមជាមួយនឹងផលប៉ះពាល់ពីសីតុណ្ហភាពលើសពី ៣៥អង្សាសេ យ៉ាងហោចណាស់ក៏ ៨៣ថ្ងៃដែរ ក្នុងមួយឆ្នាំ។
ទោះបីជាបានរួមចំណែកតិចជាងមួយភាគរយនៃការបំភាយឧស្ម័នរបស់ពិភពលោកក៏ដោយ ក៏ប៉ាគីស្ថានបានទទួលរងនូវគ្រោះមហន្តរាយ ទាក់ទងនឹងអាកាសធាតុធ្ងន់ធ្ងរ ដោយសារតែបាតុភូតអាកាសធាតុប្រែប្រួល៕
