មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក សាមី អាប៊ូ ហ្ស៊ូរី (Sami Abu Zuhri) បាននិយាយកាលពីថ្ងៃពុធ (២៤ កក្កដា) ថា សុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលថ្លែងទៅកាន់សភាសហរដ្ឋអាមេរិក បង្ហាញថាលោកមិនចង់ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។

លោក Netanyahu បានថ្លែងទៅកាន់សភាសហរដ្ឋអាមេរិកនៅក្នុងសុន្ទរកថាលើកទីបួនដោយមេដឹកនាំបរទេសទៅកាន់កិច្ចប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត។ លោកបាននិយាយអំពីភាពចាំបាច់នៃការបង្កើតសម្ព័ន្ធសន្តិសុខនៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងអ៊ីរ៉ង់។

លោក Abu Zuhri បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «សុន្ទរកថារបស់លោក Netanyahu គឺពោរពេញទៅដោយការភូតភរ ហើយវាមិនអាចបំភាន់កិច្ចប្រឹងប្រែងបិទបាំងឧក្រិដ្ឋកម្មសង្រ្គាមដែលកងទ័ពរបស់លោកកំពុងប្រព្រឹត្តប្រឆាំងនឹងប្រជាជនហ្កាហ្សានោះឡើយ»។
លោក Netanyahu ក៏បាននិយាយផងដែរថា អ៊ីស្រាអែលមិនស្វះស្វែងរកការតាំងទីលំនៅថ្មីនៅតំបន់ហ្កាហ្សាទេ ហើយថាបន្ទាប់ពីសង្គ្រាមជាមួយពួកហាម៉ាស តំបន់នេះគួរតែត្រូវបានដឹកនាំដោយប៉ាឡេស្ទីនដែលមិនមានចិត្តបំផ្លាញអ៊ីស្រាអែល។ អ្នកនាំពាក្យរបស់អាជ្ញាធរប៉ាឡេស្ទីន លោក ណាប៊ីល អាប៊ូ រ៉ូឌីណេ (Nabil Abu Rudeineh) បាននិយាយជាការឆ្លើយតបថា «មានតែប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះជាអ្នកសម្រេចចិត្តថានរណាជាអ្នកគ្រប់គ្រងពួកគេ»៕