អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) បានព្រមានដល់ក្រុមរដ្ឋអ៊ីស្លាមប្រចាំខេត្តខូរ៉ាសាន (ISIS-K) ជាក្រុមដែលបានសម្លាប់ទាហានអាមេរិក ១៣នាក់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានកាប៊ុល ហើយបាននិយាយថា អាមេរិកមិនទាន់បានជម្រះបញ្ជីជាមួយក្រុមភេរវករនៅឡើយទេ។

ដោយផ្ដាំទៅក្រុម ISIS-K លោក Biden បាននិយាយថា យើងមិនទាន់បានជម្រះបញ្ជីជាមួយអ្នកនៅឡើយទេ ដោយលោកបន្ថែមថា ចំពោះអ្នកដែលចង់ឱ្យអាមេរិកហិនហោច យើងនឹងតាមចាប់ខ្លួនអ្នក ហើយអ្នកនឹងសងការបាត់បង់យ៉ាងសក្ដិសមបំផុត។ សុន្ទរកថារបស់លោក Biden ទៅកាន់ប្រទេសនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះយោធាអាមេរិកចុងក្រោយ បានចាកចេញពីប្រទេសដោយបញ្ចប់សង្គ្រាមយូរបំផុត របស់ប្រទេសជិត ២០ឆ្នាំបន្ទាប់ពីបានចាប់ផ្តើម។ លោក Biden កំពុងការពារសេចក្ដីសម្រេចដែលជំរុញឲ្យមានត្រួតពិនិត្យ ចំពោះការអនុវត្តន៍នូវសេចក្ដីសម្រេចនោះ ដោយនិយាយថា ការសម្រេចចិត្តពិតប្រាកដនៅអាហ្វហ្គានីស្ថានគឺ“ រវាងការចាកចេញ និងការរីកកាន់តែធំ” ដែលកំណត់ពីជម្រើសរបស់លោកក្នុងការដកកងទ័ព ជាជម្រើសតែមួយគត់ក្រៅពីការបង្កើនកម្លាំងបន្ថែមទៀត ចូលទៅក្នុងប្រទេសនោះ។
លោកថា លោកនឹងមិនពង្រីកសង្គ្រាមនេះទៀតទេ ហើយលោកក៏មិនពន្យារពេលចាកចេញទៀតដែរ។ លោកក៏បាននិយាយផងដែរថា នេះគឺជាពិភពថ្មី ការគំរាមកំហែងភេរវកម្មបានរីករាលដាលពាសពេញពិភពលោក ដោយបន្ថែមថា ការគំរាមកំហែងពីភេរវកម្មនៅតែបន្ត ប៉ុន្តែវាត្រូវបានផ្លាស់ប្ដូរ។ យុទ្ធសាស្ត្ររបស់យើងក៏ត្រូវផ្លាស់ប្ដូរផងដែរ៕
អត្ថបទ៖ សុខមាន