ក្រុមអ្នកជួយសង្គ្រោះបានដើរកាត់ផ្លូវលិចទឹកជម្រៅត្រឹម-ក នៅកន្លែងខ្លះក្នុងរដ្ឋធានីម៉ានីល ដើម្បីជួយសង្រ្គោះអ្នកស្រុកដែលជាប់ក្នុងលំនៅឋាន ខណៈភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះទីហ្វុង ហ្កែមី (Gaemi)បណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងរដ្ឋធានីហ្វីលីពីន។
ទោះព្យុះទីហ្វុងហ្កែមី ពុំទាន់បានបក់បោកដល់ដីគោកក្នុងប្រទេសហ្វីលីពីនក៏ដោយ តែព្យុះនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងជនលិចភូមឋាននានា។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិកាលពីថ្ងៃពុធ២៤កក្កដា បានឱ្យដឹងថាមនុស្សជាង៦០ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ និងមនុស្សជាង១០នាក់ បានស្លាប់ដោយសារព្យុះនេះ។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋនៅក្នុងរដ្ឋធានីម៉ានីល បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្រោយភ្លៀងធ្លាក់ខ្លាំង និងជន់លិចភូមិឋាន។ ពលរដ្ឋដែលត្រូវបានជម្លៀសចេញពីលំនៅឋាន មួយចំនួនបានស្វែងរកទីជម្រកនៅក្នុងព្រះវិហារ។ជនរងគ្រោះបាននិយាយថាអ្វីគ្រប់យ៉ាងបានលិចទឹកអស់ហើយ អ្វីគ្រប់យ៉ាងត្រូវបានបំផ្លាញ។ ទឹកជំនន់ បានហក់ឡើងដល់ជាន់ទី ២ នៃផ្ទះរបស់យើង។
ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវក្នុងរដ្ឋធានីម៉ានីល និងទីក្រុងនានានៅក្បែរនោះ ដោយបង្ខំឱ្យសាលារៀន និងការិយាល័យនានាត្រូវបិទទ្វារ។ ទីផ្សារហិរញ្ញវត្ថុក៏ត្រូវបានបិទផងដែរ។ ក្រុមអាជ្ញាធរបានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយនៅក្នុងតំបន់ដែលមានប្រជាជនចំនួន ១៣ លាននាក់មួយនេះ។
លោកប្រធានាធិបតី Ferdinand Marcos Jr បានបញ្ជាឱ្យផ្តល់ជំនួយភ្លាមៗ និងរៀបចំការផ្គត់ផ្គង់សម្រាប់សហគមន៍ដាច់ស្រយាលនានា។ហ្វីលីពីន បានមើលឃើញព្យុះត្រូពិចជាមធ្យម ២០លើក ក្នុងមួយឆ្នាំ ដែលបណ្តាលឱ្យមានទឹកជំនន់ បំណាក់ដី និងការបាត់បង់អាយុជីវិតពលរដ្ឋ។
អាជ្ញាធរអាកាសធាតុបាននិយាយថា ព្យុះនេះត្រូវបានបោកបក់ទៅលើកោះតៃវ៉ាន់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីល្ងាចថ្ងៃពុធ ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់កោះនេះ ដែលទំនងជានឹងវាយប្រហារប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ៕