ក្រសួងការបរទេសអ៊ុយក្រែន និយាយកាលពីថ្ងៃពុធ (២៤ កក្កដា) ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានប្រាប់សមភាគីចិនថា រដ្ឋាភិបាលរបស់លោកមិនជឿថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា «ដោយស្មោះត្រង់» ដើម្បីបញ្ចប់សង្រ្គាមនេះទេ។

សេចក្តីថ្លែងការណ៍របស់លោក Kuleba ទៅកាន់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានកើតឡើងនៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន សម្រាប់កិច្ចពិភាក្សាដែលចាប់ផ្តើមពីថ្ងៃអង្គារ ជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៊ី។ ប្រទេសចិន បង្ហាញខ្លួនឯងថាជាភាគីអព្យាក្រឹតក្នុងសង្រ្គាម ដោយទទូចថាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់វិបត្តិនេះគឺដោយការនាំយកទាំងអ៊ុយក្រែន និងរុស្ស៊ី មកកាន់តុចរចា។

ក្រសួងការបរទេសអ៊ុយក្រែន និយាយថាលោក Kuleba បានប្រាប់លោក Wang ថាទីក្រុងគីវ ត្រៀមខ្លួនចរចាជាមួយតំណាងរុស្ស៊ី នៅពេលណាដែលទីក្រុងមូស្គូ មានឆន្ទៈធ្វើកិច្ចចរចា «ដោយស្មោះត្រង់»។ ក្រសួងនេះបានដកស្រង់សម្តីរបស់លោក Kuleba ថា «ខ្ញុំជឿជាក់ថាសន្តិភាពដ៏ត្រឹមត្រូវនៅអ៊ុយក្រែនគឺស្ថិតនៅក្នុងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ចិន ហើយតួនាទីរបស់ចិនជាកម្លាំងសកលសម្រាប់សន្តិភាព គឺមានសារៈសំខាន់ណាស់»។

ក្រសួងការបរទេសចិនបាននិយាយថា លោក Kuleba និងលោក Wang បានជួបពិភាក្សាគ្នានៅទីក្រុង ក្វាងចូវ (Guangzhou) ដោយអ្នកនាំពាក្យលោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្រ្តីទាំងពីរ «បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែន»៕