សភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃពុធដើម្បីបង្កើតក្រុមការងារពិសេសទ្វេបក្សក្នុងការស៊ើបអង្កេតការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីលោក Donald Trump ។

វិធានការនេះកើតឡើងនៅពេលសមាជិកសភាស្វែងរកចម្លើយ និងការទទួលខុសត្រូវ បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ រូបនេះត្រូវបានគេបាញ់បណ្ដាលឲ្យរងរបួសស្លឹកត្រចៀកខាងស្ដាំ អំឡុងការជួបជុំក្រុមអ្នកគាំទ្រនៅរដ្ឋ Pennsylvania ក្នុងខែនេះ។ សេចក្ដីសម្រេច ដើម្បីបង្កើតក្រុមការងារពិសេស ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតទ្វេបក្សលើសលប់៤១៦ទល់នឹង០។

ប្រធានសភាលោក Mike Johnson និងមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ហាគីម ជេហ្វ្រីស (Hakeem Jeffries) បានប្រកាសនៅសប្តាហ៍នេះថា ក្រុមការងារពិសេសរបស់សភានឹងមានសមាជិកមកពីគណបក្សសាធារណរដ្ឋចំនួន៧រូប និងគណបក្សប្រជាធិបតេយ្យចំនួន៦រូប ហើយនឹងមានសិទ្ធិអំណាចសម្រាប់ការចេញដីកាកោះហៅ។
លោក Johnson បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃពុធ ថាការតែងតាំងក្រុមការងារនេះនឹងត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ។ ការតែងតាំងរបស់លោក ជេហ្វ្រីស ទៅកាន់ក្រុមការងារនេះ នឹងត្រូវបានធ្វើឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយលោក Johnson ។លោក Johnson បាននិយាយកាលពីថ្ងៃពុធថា ការងាររបស់ក្រុមការងារពិសេសនេះ នឹងត្រូវធ្វើយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ហើយនោះជាអ្វីដែលប្រជាជនអាមេរិកទាមទារ។
ក្រុមការងារពិសេសនេះនឹងចេញរបាយការណ៍ចុងក្រោយស្តីពីរបកគំហើញរបស់ខ្លួនមិនលើសពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ "រួមទាំងអនុសាសន៍ណាមួយសម្រាប់កំណែទម្រង់នីតិបញ្ញត្តិដែលចាំបាច់ដើម្បីទប់ស្កាត់ភាពយឺតយ៉ាវផ្នែកសន្តិសុខនាពេលអនាគត" នេះបើយោងតាមអត្ថបទនៃសេចក្ដីសម្រេចដែលសភាបានអនុម័ត៕