នគរបាល បានប្រើប្រាស់ការបាញ់ម្សៅម្រេចទៅលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅវិមាន Capitol សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងទៅកាន់សភា។

ភ្លាមៗមុនពេលលោក Netanyahu ចាប់ផ្តើមថ្លែង នគរបាលនៅវិមាន Capitol របស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមអ្នកតវ៉ាមួយចំនួន បានប្រែក្លាយសកម្មភាពទៅជាអំពើហិង្សា។
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហ្វូងមនុស្សពុំបានគោរពទៅតាមបទបញ្ជារបស់យើង ដើម្បីឲ្យត្រឡប់ក្រោយវិញពីខ្សែបន្ទាត់នគរបាលរបស់យើងនោះទេ។ យើងកំពុង ដាក់ពង្រាយការបាញ់ម្សៅម្រេច ទៅរកអ្នកទាំងឡាយណសដែលព្យាយាមបំពានច្បាប់ ហើយឆ្លងកាត់ខ្សែបន្ទាត់នោះ។

ការតវ៉ា បានធ្វើឡើងដោយសន្តិវិធី សម្រាប់ប៉ុន្មានម៉ោងដំបូង រហូតដល់ប្រហែលកន្លះម៉ោងមុនពេលការថ្លែងសុន្ទរកថា។ ខណៈក្រុមបាតុករ ចាប់ផ្តើមចេញធ្វើបាតុកម្មហែរក្បួន ពួកគេប្រឈមទៅនឹងការរារាំងពីនគរបាល ប្រើប្រាស់ការបាញ់ម្សៅម្រេច ដែលបានធ្វើឲ្យបាតុករមួយចំនួនរងរបួស។
អាជ្ញាធរ បានបិទចរាចរណ៍នៅជុំវិញវិមានកាពីតូល មុនពេលសុន្ទរកថា ក្នុងការរក្សាសន្តិសុខតឹងរ៉ឹងខុសពីធម្មតា។
នៅទីតាំងមួយ មានផ្ទាំងបដាជាច្រើន រួមមានបដាមួយ ប្រកាសថា មេដឹកនាំអ៊ីស្រាអែល គឺជា «ឧក្រិដ្ឋជនសង្គ្រាមដែលគេតាមចាប់ខ្លួន» ដោយនិយាយយោងទៅរកដីកាចាប់ខ្លួន ដោយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ លោក Netanyahu បានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។