របាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា គោលដៅដើម្បីលុបបំបាត់ភាពអត់ឃ្លានជាសាកល នៅឆ្នាំ២០៣០ មើលទៅពុំអាចសម្រេចបានឡើយ ដោយចំនួនមនុស្សជាច្រើនកំពុងទទួលរងភាពអត់ឃ្លានដ៏រ៉ាំរ៉ៃ ស្ទើរតែគ្មានការផ្លាស់ប្តូរសោះ ជាង១ឆ្នាំកន្លងទៅនេះ។

របាយការណ៍ប្រចាំឆ្នាំនៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងពិភពលោក បាននិយាយថា ប្រជាជនប្រហែល ៧៣៣ លាននាក់ ប្រឈមទៅនឹងភាពអត់ឃ្លានក្នុងឆ្នាំ២០២៣ ដោយមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស១១នាក់នៅទូទាំងពិភពលោក និងម្នាក់ក្នុងចំណោម៥នាក់ នៅទ្វីបអាហ្រ្វិក ដោយសារតែជម្លោះ បម្រែបម្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យពួកគេបាត់បង់ជីវិត។

លោក David Laborde ប្រធានផ្នែកនៅក្នុងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ដែលជួយរៀបចំការស្ទង់មតិ បាននិយាយថា ទោះបីជាមានការរីកចម្រើននៅក្នុងតំបន់មួយចំនួនក៏ដោយ ប៉ុន្តែស្ថានការណ៍បានធ្លាក់ចុះក្នុងកម្រិតពិភពលោក។
លោកបាន និយាយថា យើងស្ថិតក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរនៅពេលបច្ចុប្បន្ននេះ ជាងកាលពី៩ឆ្នាំមុន នៅពេលដែលយើងដាក់ចេញនូវគោលដៅ ដើម្បីលុបបំបាត់ភាពអត់ឃ្លាននៅឆ្នាំ ២០៣០ ។
របាយការណ៍បានព្រមានថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ប្រជាជនប្រហែល៥៨២លាននាក់នឹងទទួលរងនូវកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ នៅចុងទសវត្សរ៍នេះ ដែលពាក់កណ្តាលក្នុងចំណោមពួកគេស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។
គោលបំណងដ៏ទូលំទូលាយ ដើម្បីធានាឱ្យមានលទ្ធភាពទទួលបានអាហារគ្រប់គ្រាន់ជាទៀងទាត់ ក៏បានជាប់គាំងផងដែរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលមាន២៩ ភាគរយនៃចំនួនប្រជាជនពិភពលោក ឬ២,៣៣ពាន់លាននាក់ ជួបប្រទះអសន្តិសុខស្បៀងកម្រិតមធ្យម ឬធ្ងន់ធ្ងរនៅឆ្នាំ ២០២៣។