សំឡេងដ៏ខ្លាំងនៃការបាញ់កាំភ្លើងធំ បានបន្តអង្រួនកោះ Matsu ភាគខាងជើង កាលពីថ្ងៃពុធ ខណៈកោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងអំឡុងហ្គេមសង្រ្គាម ប្រចាំឆ្នាំរបស់កោះនេះ។
សមយុទ្ធ Han Kuang ប្រចាំឆ្នាំ នៅឆ្នាំនេះ ត្រូវបានកាត់បន្ថយភាគច្រើន ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Gaemi ខណៈកងពលកាំភ្លើងធំចម្រុះ រៀបចំ និងបាញ់គ្រាប់កាំភ្លើងពិត។

សមយុទ្ធបាញ់គ្រាប់ពិត ធ្វើឡើងនៅលើប្រជុំកោះដាច់ស្រយាលរបស់កោះតៃវ៉ាន់ រួមមានកោះ Kinmen, Matsu និងកោះ Penghu ដែលស្ថិតនៅជាប់ឆ្នេរសមុទ្ររបស់ប្រទេសចិន។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជាទៀងទាត់នៅជុំវិញកោះតៃវ៉ាន់ អស់រយៈពេល៤ឆ្នាំមកនេះ ដើម្បីដាក់សម្ពាធឱ្យទីក្រុងតៃប៉ិ ទទួលយកការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកោះតៃវ៉ាន់ក៏ដោយ។