តំណាងបណ្តាញសហគមកសិកម្ម សួនផ្កាផ្ទះបៃតង ក៏ដូចអាជ្ញាធរមូលដ្ឋានមួយចំនួនបានសម្តែងការអបអរសាទរដែលថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោកាន់តែខិតជិតមកដល់។ ខណៈតំណាងបណ្តាញសហគមកសិកម្ម បានជំរុញប្រជាសហគមកសិករ រៀបចំផែនការ ជំរុញការធ្វើដំណាំដាំដុះឲ្យបានច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ និងជំរុញនាំចេញកសិផលទៅក្រៅប្រទេស តាមព្រែកជីកហ្វូណនតេជោ។

លោកស្រី យ៉ែម ណារី ស្ថាបនិកសួនផ្កាផ្ទះបៃតង ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែកក្កដានេះថា បច្ចុប្បន្ន សួនផ្ទះផ្កាបៃតង មានបណ្តាញសហគមកសិកម្ម និងបណ្តាញកសិករ ធ្វើដំណាំបន្លែសុវត្ថិភាពរបស់ខ្លួននៅតាមបណ្តាជាច្រើនរួមមាន៖ ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាបជាដើម ហើយបណ្តាប្រជាសហគមមានគាំទ្រខ្ពស់ និងអបអរសាទរចំពោះថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ពីព្រោះព្រែកនេះនឹងផ្តល់សេវាដឹកជញ្ជូនតម្លៃថោក នាំចេញកសិផលខ្មែរទៅលក់នៅក្រៅប្រទេស។

លោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលវិញ ថ្លែងអបអរសាទរដែលគម្រោង ព្រែកជីកហ្វូណនតេជោ បានដំណើរការ ឆ្លងកាត់កោះខ្សាច់ទន្លាផងដែរ ខណៈបច្ចុប្បន្ន អាជ្ញាធរឃុំដោយមានកិច្ចគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចង់សហគមកសិកម្មទំនើប បង្កើនការធ្វើដំណាំដាំដុះឲ្យច្រើន ជំរុញការនាំចេញទៅក្រៅប្រទេស តាមព្រែកជីកហ្វូណាតេជោនោះផងដែរ។
សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងចំណាយថវិកាជីកប្រមាណ ១ ៧០០ លានដុល្លាអាមេរិច ជីករយៈពេល ៤ ឆ្នាំ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះជីកឆ្លងកាត់ខេត្តកណ្តាលមានប្រវែងប្រមាណ ៥៦ គីឡូម៉ែត្រ៕ អត្ថបទ ស៊ុម សុខជា


