រដ្ឋាភិបាលចក្រភពអង់គ្លេស បានបង្ហាញវិមានអនុស្សាវរីយ៍មួយ ដើម្បីគោរពដល់អត្តពលិកអ៊ុយក្រែនដែលបានបាត់បង់ជីវិតនៅក្នុងការវាយលុករបស់រុស្ស៊ី។

ការបង្ហាញរូបភាព 3D ដែលមានសរសេរលេខ៤៨៧ ត្រូវបានបង្កើតឡើងនៅទីលានសភា ក្នុងទីក្រុងឡុងដ៍្រ កាលពីថ្ងៃពុធ រយៈពេលពីរថ្ងៃមុនពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីស។

ការបង្ហាញនេះសំដៅទៅលើចំនួនអត្តពលិកអ៊ុយក្រែន ដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើម ការវាយលុកក្នុងឆ្នាំ២០២២ គិតត្រឹមថ្ងៃទី៨ ខែកក្កដា។
ការដំឡើងវិមានអនុស្សាវរីយ៍ មានពណ៌ខៀវ និងពណ៌លឿង ជាពណ៌ទង់ជាតិរបស់ប្រទេសអ៊ុយក្រែន ហើយ នៅជុំវិញនោះ សម្ភារៈកីឡា រួមមានរ៉ាកែតវាយសី និងក្តារជិះស្គី ក៏ត្រូវបានដាក់បង្ហាញ។

នាង Oksana Rakhra ជាជនជាតិអ៊ុយក្រែន ដែលតំណាងឱ្យប្រទេសរបស់នាង នៅក្នុងព្រឹត្តិការណ៍កីឡាបោកចំបាប់នៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០០៨ បានទៅដល់កន្លែងតាំងបង្ហាញនេះ។ នាងបាននិយាយថា អត្តពលិកអ៊ុយក្រែនជាច្រើននាក់ នៅតែស្ថិតក្នុងសមរភូមិនៃសង្គ្រាម។
នាងបាននិយាយថាទីតាំងហាត់កីឡាជាង៣០០កន្លែង ត្រូវបានបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន ហើយអត្តពលិក នៅសល់កន្លែងមួយចំនួនប៉ុណ្ណោះ ដែលពួកគេអាចហ្វឹកហាត់បាន សម្រាប់ការប្រកួតកីឡា។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក David Lammy បានគោរពវិញ្ញាណក្ខន្ធដល់អត្តពលិកដែលបានស្លាប់ និងបាននិយាយថា រដ្ឋាភិបាលអង់គ្លេស ត្រូវតែគាំទ្រការប្រយុទ្ធប្រឆាំងដើម្បីសេរីភាពរបស់អ៊ុយក្រែន។