ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីកន្លងទៅថ្មីៗនេះ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំងដាក់តាំងបង្ហាញផលិតផល និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេស។

ប្រភពក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៤កន្លងទៅ បានសសេរលើផេកផ្លូវការថា នៅក្នុងដំណើរទស្សនកិច្ចនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានមូលនិធិវិនិយោគតំបន់ Hengqin និងក្រុមហ៊ុនឯកជនចំនួន២ផ្សេងទៀត ដាច់ដោយឡែកពីគ្នា។ ក្នុងជំនួបនោះ ឯកឧត្តម បានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។
ជាការឆ្លើយតប ក្រុមហ៊ុនមួយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមសម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុន នឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួនពីកម្ពុជា៕




