រដ្ឋាភិបាលបង់ក្លាដែស បានបង្កើតគណៈកម្មាធិការតុលាការមួយ ដែលដឹកនាំដោយចៅក្រមតុលាការកំពូល ដើម្បីស៊ើបអង្កេតអំពើហិង្សាក្នុងអំឡុងការតវ៉ារបស់និស្សិតជុំវិញប្រព័ន្ធកូតាក្នុងការងារសាធារណៈ បណ្តាលឱ្យមនុស្ស ១៩៧នាក់ស្លាប់ ដែលជាតួលេខមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ។

ប្រទេសនេះកំពុងវិលទៅរកភាពប្រក្រតីវិញដោយសេវាអ៊ីនធឺណិតត្រូវបានស្ដារឡើងវិញ និងម៉ោងធ្វើការនៅមានកម្រិតកាលពីថ្ងៃពុធ (២៤ កក្កដា) បន្ទាប់ពីមានភាពចលាចលជាងមួយសប្តាហ៍ជាមួយនឹងតួលេខអ្នកស្លាប់ដ៏ខ្ពស់ដែលត្រូវបានរាយការណ៍ក្នុងរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះនៃអំពើហិង្សា។

លោក ម៉ូហាម៉េដ អា អារ៉ាហ្វាត (Mohammad A Arafat) មន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ បានប្ដេជ្ញាថានឹងតាមរកអ្នកដែលទទួលខុសត្រូវចំពោះភាពចលាចលនេះមកកាត់ទោស នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អាណាដូលូ (Anadolu) ដែលបានដកស្រង់សម្តីរបស់លោកពេលនិយាយទៅកាន់អ្នកសារព័ត៌មានអន្តរជាតិនៅទីក្រុងដាកា (Dhaka) រដ្ឋធានីរបស់ប្រទេស។
តាំងពីថ្ងៃសៅរ៍មក រដ្ឋាភិបាលបានដាក់បម្រាមគោចរ និងដាក់ពង្រាយទាហាននៅទូទាំងប្រទេស ដើម្បីបង្ក្រាបការតវ៉ា។ ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃពុធសប្ដាហ៍នេះ បម្រាមគោចរត្រូវបានបន្ធូរបន្ថយរយៈពេលជាច្រើនម៉ោង ដើម្បីអនុញ្ញាតឱ្យមនុស្សម្នាប្រកបរបរចិញ្ចឹមជីវិត និងទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ៕