ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយកាលពីថ្ងៃពុធ (២៤ កក្កដា) ថា ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប បានហត់នឿយដោយសារការជម្លៀសខ្លួនជាបន្តបន្ទាប់ និងស្ថានភាពមិនអាចរស់នៅបាន ហើយត្រូវបានជាប់នៅក្នុងតំបន់ដ៏តូចចង្អៀតពោរពេញទៅដោយជនភៀសខ្លួន។

UNRWA បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «មិនមានកន្លែងណាមានសុវត្ថិភាពទេនៅក្នុងហ្កាហ្សា» ដោយបន្ថែមថា បញ្ជាជម្លៀសរបស់អ៊ីស្រាអែល រួមបញ្ចូលផ្នែកធំៗនៃតំបន់នេះ ដែលធ្វើឱ្យអ្នកស្រុកកាន់តែលំបាក ខណៈកំពុងប្រជ្រៀតគ្នារស់នៅក្នុងតំបន់ដ៏តូចចង្អៀតរួចទៅហើយ។

កាលពីថ្ងៃចន្ទ យោធាអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីន ដែលរស់នៅក្នុងភាគខាងកើត និងកណ្តាលក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងហ្កាហ្សា ត្រូវជម្លៀសភ្លាមៗទៅភាគខាងលិច នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិ OCHA។

របាយការណ៍នោះបាននិយាយថា តំបន់ជម្លៀសរួមមានតំបន់ដែលត្រូវបានដាក់នៅក្រោមការបញ្ជាជម្លៀសរួចមកហើយកាលពីថ្ងៃទី០១ ខែកក្កដា និងតំបន់ដែលបានកំណត់ថ្មី រួមទាំង «តំបន់មនុស្សធម៌» នៅតំបន់ អាល់ម៉ាវ៉ាស៊ី (Al-Mawasi)។ គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ជិត ៨៣ភាគរយនៃតំបន់ហ្កាហ្សា ត្រូវបានដាក់នៅក្រោមការបញ្ជាជម្លៀស ឬកំណត់ថាជា «តំបន់ហាមធ្វើដំណើរ» ដោយយោធាអ៊ីស្រាអែល នេះបើយោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិ៕