រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (២៤ កក្កដា) ថា ភាពចលាចលជុំវិញការបោះឆ្នោតនៅសហរដ្ឋអាមេរិក រួមទាំងការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងលោក Donald Trump និងការដកខ្លួនរបស់ប្រធានាធិបតី Joe Biden ហើយទៅគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ជាបេក្ខជនរបស់បក្ស បានបង្ហាញពីការបែកបាក់នៅក្នុងសង្គមអាមេរិក ដែលកំពុង «ធ្លាក់ចូលទៅក្នុងភាពវឹកវរ»។

នៅពេលសាកសួរដោយត្រង់ពីសារព័ត៌មានរ៉យទ័រ ថាតើរុស្ស៊ីចង់ឱ្យអ្នកណាធ្វើជាប្រធានាធិបតីអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) មិនបានបង្ហាញពីការពេញចិត្តច្បាស់លាស់នោះទេ ដោយគ្រាន់តែនិយាយថា «អាមេរិកឥឡូវនេះស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំង ហើយកំពុងធ្លាក់ចូលទៅក្នុងភាពវឹកវរ»។

លោកស្រី Zakharova បាននិយាយថា មានភស្តុតាងនៃ «ការបែកបាក់គ្នាយ៉ាងជ្រៅនៅក្នុងសង្គមអាមេរិក» និង «ជម្លោះស៊ីវិល» ប៉ុន្តែថា អាមេរិកនៅតែចាត់ទុករុស្ស៊ី ជាសត្រូវ។ លោកស្រីបន្ថែមថា តួឯកក្នុង «ការបោះឆ្នោតអាមេរិក» គួរតែត្រូវបានមើលដោយពុំមានការបំភាន់ភ្នែក។

គិតត្រឹមព្រឹកថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មិនទាន់និយាយជាសាធារណៈអំពីការដកខ្លួនរបស់លោក Biden ទេ។ លោក ពូទីន បានលើកឡើងជាច្រើនដងកាលពីមុនថាលោកពេញចិត្តលោក Biden ជាងលោក Trump ។ ទោះជាយ៉ាងនេះក្តី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចង្អុលបង្ហាញថា រុស្ស៊ីពេញចិត្តចំពោះជ័យជម្នះរបស់លោក Trump ជាង៕