អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គ្មានការកាត់ទឹកដីរបស់ខ្លួនឲ្យទៅវៀតណាម ដូចការលើកឡើងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះឡើយ ហើយមួយវិញទៀត ក៏គ្មានដែរ ក្នុងការអនុញ្ញាតឲ្យមានចលនាចេញចូលរបស់ប្រជាពលរដ្ឋដោយសេរី ពោលគឺប្រទេសនីមួយៗ នៅតែគ្រប់គ្រង និងរក្សាឯករាជ្យភាពអធិបតេយ្យភាព និងបូរណភាពទឹកដីខ្លួន ស្របតាមច្បាប់ជាធរមាន ដោយគ្មានការបង្កើត ដែនដីរួមគ្នាណាមួយដូចការញុះញង់របស់ពួកប្រឆាំងជ្រុលនិយមទាំងនោះផងដែរ។
ការបញ្ជាក់របស់អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើង បន្ទាប់ពីនៅមានមនុស្សមួយចំនួនតូចនៅតែបន្តលើកឡើងដោយបំភាន់បើទោះបីជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV ជូលដល់បងប្អូនប្រជាពលដ្ឋ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗ យ៉ាងណាក៏ដោយនោះ ប៉ុន្តែពួកជ្រុលនិយមទាំងនោះ នៅតែបំភាន់ការពិតដើម្បីគេងចំណេញនយោបាយរបស់ខ្លួននោះ។
តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀតថា «គ្មានការកាត់ទឹកដី ៤ខេត្តជូនប្រទេសវៀតណាមដូចការចោទប្រកាន់មូលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយ ការភាន់ច្រឡំមួយចំនួននោះឡើយ។ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំងបួនដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ និងគ្មានការអនុញ្ញាត ឲ្យប្រជាពលរដ្ឋនៃប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ»។
តាមរយៈសេចក្តីថ្លែងការណ៍នេះអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់បន្ថែមជូន ដល់សាធារណៈជនផងដែរថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណនេះ ធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការ គ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់យ៉ាងច្បាស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាយ៉ាងដូច្នេះដែរ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានលះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្រ្គាមដែលអូសបន្លាយជិត៣ទសវត្សរ៍ និងស្វែងរក សន្តិភាពពេញលេញជូនប្រទេសជាតិ ដោយបានដឹកនាំអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ ដោយរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីទាំងស្រុង៕អត្ថបទបាន ចក់

