ទូរទស្សន៍ Al Mamlaka គ្រប់គ្រងដោយរដ្ឋ បានរាយការណ៍កាលពីថ្ងៃពុធថា ជនភៀសខ្លួនស៊ីរីសរុបចំនួន ៣.១៦២នាក់ បានចាកចេញពីប្រទេសហ្ស៊កដានី ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំនេះ ដើម្បីត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ដែលកើនឡើង ៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។

ដោយដកស្រង់តួលេខពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) របាយការណ៍នោះ បាននិយាយថា ជនភៀសខ្លួនស៊ីរី ១៩.៧២៩នាក់ បានវិលត្រឡប់ពីប្រទេសហ្ស៊កដានី អេហ្ស៊ីប លីបង់ ទួរគី និងអ៊ីរ៉ាក់ ទៅកាន់ប្រទេសស៊ីរី ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ។

នៅឆ្នាំ ២០២៣ ចំនួនជនភៀសខ្លួនស៊ីរីត្រឡប់ទៅស៊ីរីពីប្រទេសផ្សេងទៀតមានចំនួន ៣៧.៥៥២ នាក់ បើប្រៀបធៀបទៅនឹងចំនួន ៥០.៩៦៦នាក់ ក្នុងឆ្នាំ ២០២២។
យោងតាមតួលេខផ្លូវការ ប្រទេសហ្ស៊កដានី បានទទួលយកជនភៀសខ្លួនស៊ីរីជាង ១,៣ លាននាក់ ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិស៊ីរី ក្នុងឆ្នាំ ២០១១ ដោយមានជាង ៦២៨.000 បានចុះឈ្មោះជាមួយអង្គការ UNHCR។
ការស្ទង់មតិដែលធ្វើឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំមុន បានបង្ហាញថា ចំនួន ៩៧ ភាគរយនៃជនភៀសខ្លួនស៊ីរី នៅហ្ស៊កដានី មិនមានបំណងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ក្នុងរយៈពេល ១២ខែ ខាងមុខនេះ។